ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

NewJeans ប្រកាសផ្អាកគ្រប់សកម្មភាពក្រោយសេចក្ដីសម្រេចតុលាការ

២៤ មីនា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀងស្រីខេប៉ុប NewJeans បានត្រលប់មកសម្ដែងលើឆាកតន្ត្រីម្ដងទៀតក្នុងកម្មវិធីមហោស្រពតន្ត្រីនៅហុងកុងព្រមទាំងបានសម្ដែងបទថ្មីមានចំណងជើងថា “Pit Stop” បន្ទាប់ពីពួកគេខានសម្ដែងលើឆាកប្រគំតន្ត្រីមួយរយៈធំដោយសារជម្លោះជាមួយទីភ្នាក់ងារ។

 


កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ ក្រុមចម្រៀងស្រីខេប៉ុប NJZ ដែលមានឈ្មោះដើមថា NewJeans បានត្រលប់មកសម្ដែងលើឆាកតន្ត្រីម្ដងទៀតក្នុងកម្មវិធី ComplexCon Hongkong ព្រមទាំងបានសម្ដែងបទថ្មីមានចំណងជើងថា “Pit Stop” បន្ទាប់ពីពួកគេខានសម្ដែងលើឆាកប្រគំតន្ត្រីមួយរយៈធំដោយសារជម្លោះជាមួយទីភ្នាក់ងារដើមរបស់ខ្លួនគឺក្រុមហ៊ុន ADOR និង HYBE។

 


ក្នុងការសម្ដែងលើកនេះ សមាជិកក្រុមទាំង ៥រូបក៏បានប្រកាសព័ត៌មានសំខាន់ថា បន្ទាប់ពីពេលនេះទៅក្រុម NJZ នឹងផ្អាកសកម្មភាពមួយរយៈសិន ព្រោះកាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការកូរ៉េខាងត្បូងបានប្រកាសចេញដីកាបណ្ដោះអាសន្នមួយ ដែលផ្ដល់សិទ្ធិឱ្យ ADOR មានសិទ្ធិគ្រប់គ្រង និងជាតំណាងរបស់ពួកគេម្ដងទៀត ហើយពួកគេនឹងមិនអាចធ្វើការងារចម្រៀង ឬទទួលការងារផ្សាយពាណិជ្ជកម្មទាំងអស់ដោយប្រើឈ្មោះថ្មី NJZ ក្នុងនាមសិល្បករឯករាជ្យបានឡើយ។មុនការសម្ដែងនេះ សមាជិកក្រុមក៏បានប្រកាសតាមរយៈបណ្ដាញសង្គមថា ពួកគេនឹងប្ដឹងឧទ្ធរណ៍ និងត្រៀមភស្តុតាងឱ្យកាន់តែរឹងមាំបន្ថែមទៀតសម្រាប់ការកាត់ក្ដីលើកក្រោយ។

 

 

យ៉ាងណាក៏ដោយ បន្ទាប់ពីសមាជិក NewJeans ប្រកាសផ្អាកសកម្មភាព នៅថ្ងៃទី២៤ ខែមីនានេះ ខាងភាគី ADOR ក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបតថា ពួកគេមានការសោកស្ដាយជាខ្លាំងដែល សមាជិក NewJeans នៅតែប្រើឈ្មោះ NJZ ក្នុងការប្រគំតន្ត្រីនៅហុងកុងបើទោះបីជាមានសេចក្ដីសម្រេចរបស់តុលាការហើយក៏ដោយ។

 

 

សេចក្ដីថ្លែងការណ៍ដដែលបន្តថា សមាជិកក្រុម NewJeans បានប្រកាសផ្អាកសកម្មភាពដោយមិនមានការពិភាក្សា ឬយល់ស្របពីផលិតកម្មនោះទេ។ ខណៈដែល ADOR នៅតែមានសិទ្ធិគ្រប់គ្រង NewJeans តាមផ្លូវច្បាប់ ពួកគេសង្ឃឹមថាពួកគេនឹងបានជួបសមាជិកក្រុមទាំង ៥នាក់ក្នុងពេលឆាប់ៗដើម្បីពិភាក្សាពីអនាគតរបស់ពួកគេ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025