ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
តារាចម្រៀង និងសម្តែងកូរ៉េខាងត្បូងដូចជា IU, Bae Suzy, សមាជិក NCT និង Park Bo-young ជាដើមបាននាំគ្នាបរិច្ចាគប្រាក់ដើម្បីជួយដល់ជនរងគ្រោះនិងអ្នកពន្លត់ភ្លើងឆេះព្រៃដែលកំពុងវាយប្រហារតំបន់ជាច្រើនក្នុងប្រទេស។
ស្របពេលភ្លើងឆេះព្រៃនៅតែបន្តបំផ្លាញតំបន់ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេលពេញមួយសប្ដាហ៍ តារាល្បីៗជាច្រើនក្នុងប្រទេសនេះក៏បាននាំគ្នាបរិច្ចាគដើម្បីជួយដល់ជនរងគ្រោះ និងក្រុមអ្នកពន្លត់អគ្គិភ័យដ៏ធំនេះ។
ជាក់ស្ដែងកាលពីថ្ងៃទី ២៦ ខែមីនា សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea បានបញ្ជាក់ថា តារាចម្រៀង និងសម្តែង IU បានបរិច្ចាគប្រាក់សរុបចំនួន ២០០ លានវ៉ុន ស្មើនឹងប្រមាណមួយសែនបីម៉ឺនប្រាំមួយពាន់ដុល្លារ (១៣៦ ០០០ ដុល្លារ) ដោយក្នុងនោះ ១០០ លានវ៉ុនគឺសម្រាប់ជនរងគ្រោះដោយភ្លើងឆេះព្រៃ និង ១០០ លានវ៉ុនទៀត ដើម្បីសម្រួលការងារសម្រាប់អ្នកពន្លត់អគ្គីភ័យ។
ចំណែកតារាចម្រៀងនិងសម្ដែង Bae Suzy ក៏បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនឬស្មើនឹង ៦៨០០០ ដុល្លារ តាមរយៈសមាគម Hope Bridge ដូចគ្នាសម្រាប់ជួយដល់អ្នករងផលប៉ះពាល់។
សមាជិកក្រុម NCT Haechan ព្រមទាំងតារាសម្ដែងស្រី Park Bo-young និង Go Min-si បានបរិច្ចាគម្នាក់ ៥០ លានវ៉ុន ឬ ៣៤០០០ ដុល្លារដើម្បីជួយដល់ក្រុមសង្គ្រោះ ស្របពេលតារាសម្ដែងស្រី Go Youn-jung និង Lee Hye-ri ក៏បានបរិច្ចាគថវិកាម្នាក់ ៥០ លានវ៉ុនដូចគ្នា ដើម្បីជួយជនរងគ្រោះ។ ក្រៅពីនេះ ក៏មានសិល្បករជាច្រើនទៀតបានចូលរួមបរិច្ចាគផងដែរ។
គិតត្រឹមព្រឹកថ្ងៃ២៧ ខែមីនា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ២៤ នាក់ ដោយក្នុងនោះមានអ្នកបើកឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យម្នាក់បានស្លាប់នៅពេលឧទ្ធម្ភាគចក្ររបស់គេបានធ្លាក់ខណៈកំពុងធ្វើប្រតិបត្តិការកាលពីថ្ងៃពុធ។
រដ្ឋាភិបាលបាននិយាយថា ភ្លើងឆេះព្រៃដ៏សាហាវដែលបង្កឡើងដោយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួតហែងបានរីករាលដាលយ៉ាងឆាប់រហ័សចាប់ពីថ្ងៃសៅរ៍ និងបានបង្ខំមនុស្សជាង ២៧០០០ នាក់ត្រូវជម្លៀសចេញពីផ្ទះ សាលារៀនជាច្រើនត្រូវបិទ ព្រមទាំងបានបង្ខំឱ្យអាជ្ញាធរត្រូវផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារ ៕
ប្រែសម្រួល៖ វ៉ាន់ថន