ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥

សិល្បកររ៉េប សាំង សុខសេរី ផ្សារភ្ជាប់ផ្នត់គំនិតលើកតម្លៃស្ត្រីក្នុងបទចម្រៀងថ្មី ស្តាប់ទៅបង្កប់ដោយអត្ថន័យ

២៦ មីនា ២០២៥ | កម្សាន្ដ

 

 

បទចម្រៀងថ្មីរបស់សិល្បកររ៉េប សាំង សុខសេរី  «សំឡេងនាង» ឬជាភាសាអង់គ្លេសថា «Her Voice»  ក្នុងន័យលើកទឹកចិត្ត និងតម្លៃស្ត្រី ពិតជាពោរពេញដោយអត្តន័យ។

 

 

សាំង សុខសេរី ជាសិល្បករផ្នែកចម្រៀងរ៉េបម្នាក់ដ៏មានទេពកោសល្យ និងភាពប៉ិនប្រសព្វក្នុងការតែងនិពន្ធ និងការប្រើប្រាស់ពាក្យពេចន៍ចុងចួនបង្កើតជាឃ្លាប្រយោគចម្រៀងបែបសម័យថ្មីដ៏មានអត្ថន័យអប់រំ និងបំផុសស្មារតីសង្គមសម្រាប់សោតវិញ្ញាណរបស់អ្នកស្តាប់។ 

 

 

ច្រើនឆ្នាំកន្លងមកនេះ សេរី ត្រូវគេស្គាល់ថា ជាសិល្បកររ៉េបដែលនិយមចូលចិត្តផលិតចម្រៀងផ្អែកលើតថភាព និងហេតុការណ៍ពិតដែលបានកើតឡើងក្នុងសង្គម។ មិនតែប៉ុណ្ណោះ នាងក៏បានច្បិចយបទពិសោធន៍មនុស្សជុំវិញខ្លួនមកបង្កើតជាចម្រៀងលើកទឹកចិត្តដល់អ្នកកំពុងមានវិបត្តិ ហើយបទចម្រៀងមួយចំនួនទៀតក៏ឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ខ្មែរ និងការអភិរក្សធនធានធម្មជាតិផងដែរ។

 

 

ដោយឡែក ថ្មីៗនេះ សេរី ទើបតែទម្លាក់ស្នាដៃចម្រៀងថ្មីចំណងជើងថា «សំឡេងនាង» ឬ «Her Voice» ដែលបទនេះឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរផ្នត់គំនិតស្ត្រីឆ្ពោះទៅរកការក្លាហានក្នុងការបញ្ចេញមតិ និងការសម្រេចចចិត្តលើក្តីស្រមៃរបស់ខ្លួន និងធ្វើនូវអ្វីដែលគិតថា ស័ក្កសមសម្រាប់ខ្លួនឯង និងសង្គមជាតិ។

 

 

ម្ចាស់បទ «សំឡេងនាង» ជឿជាក់ថា ភាពជាស្រ្តីមានតម្លៃ មិនអាចកាត់ថ្លៃបាន ស្រ្តីជាមាតានៃពិភពលោក ហើយយើងគួរតែទទួលបានសិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល់ និងអាចជ្រើសរើសធ្វើនូវអ្វីដែលខ្លួនឯងពេញចិត្ត។តារារ៉េប សាំង សុខសេរី បានសម្តែងបទ «សំឡេងនាង» ជាលើកដំបូងបង្អស់ ក្នុងកម្មវិធី Fem Fest ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា តែម្តង នៅបរិវេន F3 (Futures Factory Phnom Penh)។

 

 

«សំឡេងនាង» ដែលប្រែជាភាសាអង់គ្លេសថា «Her Voice» បានកន្ត្រាក់អារម្មណ៍អ្នកចូលរួមទស្សនាផ្ទាល់ឱ្យភ្ញាក់ផ្អើលជាមួយអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅនៃពាក្យពេចន៍ចុងចួនដ៏ពីរោះរណ្តំ រួមបញ្ចូលដោយរូបភាពនៃ MV ចម្រៀងដែលប្រមូលផ្តុំដោយស្ត្រីមកពីវិស័យៗខុសៗគ្នាក្នុងគោលជំហរតែមួយ គឺការក្លាហានសម្រេចចចិត្តលើក្តីស្រមៃរបស់ខ្លួនឯង។ 

 

 

សិល្បកររ៉េបហ៊ីបហប សាំង សុខសេរី សង្ឃឹមថា តាមរយៈបទចម្រៀង «សំឡេងនាង» ឬ «Her Voice» នឹងអាចជួយជំរុញលើកទឹកចិត្តស្ត្រីទូទាំងពិភពលោកក្លាហានធ្វើនូវអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្ត និងហ៊ានបញ្ចេញមតិតស៊ូលើសិទ្ធិសេរីភាពរបស់ខ្លួនឯង នេះគឺ សំឡេងនាង!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025