ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ស្របពេលដែលស្នាដៃរឿងភាគ «កោះទ្រង់អន្លង់ស្នេហ៍» ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN តារាស្រីវ័យក្មេង ឌៀប សុហ្វៀរ៉ា ឆ្លៀតរំឮកអនុស្សាវរីយ៍ល្អៗជាមួយរៀមច្បងអំឡុងពេលថតរឿងនេះ។តារាសម្ដែងវ័យក្មេងកញ្ញាឌៀប សុហ្វៀរ៉ា រីករាយក្រោយពីដឹងថា «កោះទ្រង់អន្លង់ស្នេហ៍» ជារឿងភាគថ្មីសន្លាងមួយដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលា 20:00យប់ កំពុងទទួួលការគាំទ្រពីទស្សនិកជន។
រឿង «កោះទ្រង់អន្លង់ស្នេហ៍» ជាស្នាដៃតែងនិពន្ធថ្មីប្រភេទរឿងភាគបែបកំប្លុកកំប្លែងលាយឡំមនោសញ្ចេតនាស្នេហាផ្អែមល្អែម និងភាពក្រមិចក្រមើល។ អ្វីដែលសំខាន់សាច់រឿងនេះក៏ប្រម៉ូតផ្សព្វផ្សាយពីតំបន់ទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ រួមទាំងផលិតផលខ្មែរ និងលើកទឹកចិត្តបងប្អូនយើងឱ្យស្រលាញ់ធម្មជាតិផងដែរ។
រឹតតែទាក់ទាញថែមមួយកម្រិតទៀត គឺរឿងភាគនេះមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនរូប រួមមាន៖ តារាសម្តែងល្បីឈ្មោះ ប្រុសខួច , Miss International Cambodia 2022 សំណាង អេលីណា , កូនកាត់ខ្មែរ-រុស្ស៊ី ឌៀប សុហ្វៀរ៉ា , ម្ចាស់ជយលាភី Mister Freshy 2022 ស៊ូរ៉ា ដារ៉ា , កូនកាត់ខ្មែរ-ស្វីស រីបើ ភារីន និងតារាសម្តែងល្បីៗជាច្រើនរូបទៀត។
ជួបជាមួយអ្នកសារព័ត៌មានភីអិនអិនក្នុងថ្ងៃសម្ភោធរឿង «សាសនាងងឹត» កាលពីពេលថ្មីៗ កូនស្រីភ្នែកប្រាក់ កញ្ញា ឌៀប សុហ្វៀរ៉ា រៀបរាប់ដោយក្តីរំភើបថា ទីបំផុតស្នាដៃរឿងភាគដែលនាងសម្តែងជាមួយរៀមច្បងជាច្រើនរូបបានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ភីអិនអិនហើយ។ សុហ្វៀរ៉ា បន្តថា នាងពិតជានឹករឮកពេលថតរឿងនេះខ្លាំងមែនទែន ព្រោះតួអង្គទាំងអស់ត្រូវទៅថតនៅខេត្តដែលមិនសូវមានសេវា ដូច្នេះគ្រប់គ្នាមានពេលវេលាបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ពិសេសការប៉ះគ្នាជាមួយរៀមច្បងក្នុងវិស័យបវរកញ្ញា គឺ កញ្ញា សំណាង អេលីណា តែម្តង។
ក្រៅពីស្នាដៃរឿង «កោះទ្រង់អន្លង់ស្នេហ៍» កញ្ញា ឌៀប សុហ្វៀរ៉ា នៅមានចំណងដៃរឿងភាគមួយទៀតត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចំណងជើង «គម្លាតរវាងយើង» ដែលរឿងនេះត្រូវតារាស្រីវ័យក្មេងរូបនេះអះអាងថា មានតម្លៃអប់រំច្រើនមិនចាញ់រឿង «កោះទ្រង់អន្លង់ស្នេហ៍» នោះឡើយ។ លើសពីនេះទៀត កូនកាត់ខ្មែរ-រុស្ស៊ី ឌៀប សុហ្វៀរ៉ា ក៏មានស្នាដៃខ្សែភាពយន្តខ្នាតធំត្រៀមបង្ហាញលើផ្ទាំងសំពត់សរនៃរោងភាពយន្តឆាប់ៗនេះផងដែរ និងកំពុងចចារទទួលថតរឿងថ្មីៗទៀតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
កូនកាត់ខ្មែរ-រុស្ស៊ីរូបនេះ សង្ឃឹមថា ពុកម៉ែបងប្អូននឹងពេញចិត្តការសម្តែងរបស់នាងទាំងក្នុងរឿងភាគ និងរឿងដុំ ហើយនាងនឹងខំប្រឹងអភិវឌ្ឍន៍សមត្ថភាពឱ្យពូកែជាងនេះ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន។
គួររំឮកឱ្យដឹងផងដែរថា ក្រៅពីការថតភាពយន្ត សុហ្វៀរ៉ា ក៏មានការងារសិល្បៈផ្សេងៗជាច្រើនទៀត ដែលសម្រុករកនាងដូចទឹកបាក់ទំនប់ រួមទាំងការថតប្រម៉ូតផ្សព្វផ្សាយ ជាហេតុធ្វើឱ្យពន្លកតារាស្រីរូបនេះច្បាបបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស និងមានកេរ្តិ៍ឈ្មោះបោះសម្លេងមិនចាញ់តារាស្រករក្រោយដែលធំធាត់ឡើងមកស្របាលៗគ្នានោះឡើយ៕
អត្ថបទ៖ រ៉ា់ត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា និង PNN