ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

Taylor Swift ឈ្នះពានកំពូលតារាចម្រៀងប្រចាំឆ្នាំលើពិភពលោកជាលើកទី៥

២០ កុម្ភៈ ២០២៥ | កម្សាន្ដ

 

តារាចម្រៀងអាមេរិក Taylor Swift នៅតែរក្សាបាននូវតំណែង “កំពូលតារាចម្រៀងប្រចាំឆ្នាំ” ផ្ដល់ជូនដោយសហព័ន្ធតូរ្យតន្ត្រីអន្តរជាតិ បន្ទាប់ពីបទចម្រៀងរបស់នាងមួយឆ្នាំចុងក្រោយនេះទទួលការស្ដាប់ ទស្សនា និងលក់ដាច់ច្រើនជាងគេលើពិភពលោក។

 


សហព័ន្ធតូរ្យតន្ត្រីអន្តរជាតិ ហៅកាត់ IFPI ដែលមានមូលដ្ឋាននៅអង់គ្លេសបានបញ្ចេញរបាយការណ៍ពីនិន្នាការក្នុងឧស្សាហកម្មតន្ត្រីពិភពលោកសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយក្នុងនោះបង្ហាញថាតារាចម្រៀង Taylor Swift បានជាប់តំណែងតារាចម្រៀងឆ្នើមប្រចាំឆ្នាំឬ Global Recording Artist of the Year ដូចឆ្នាំមុនដដែល។

 


របាយការណ៍បង្ហាញថាអាល់ប៊ុម "The Tortured Poets Department" របស់ Taylor បានជាប់ចំណាត់ថ្នាក់លេខ១ លើគ្រប់តារាងរបស់ IFPI ដោយអាចលក់ដាច់សរុប ៥,៦ លានឈុតទាំងជាលក្ខណៈស៊ីឌី និងការដោនឡូតអនឡាញ។

 

 

ដំណើរប្រគំតន្ត្រីទេសចរណ៍ "Eras Tour" របស់ Taylor Swift ដែលរកប្រាក់ចំណូលបានខ្ពស់បំបែកកំណត់ត្រាខ្ទង់ ១ ពាន់លានដុល្លារ ក៏បានបង្កើនការចាប់អារម្មណ៍លើបទចម្រៀងចាស់ៗរបស់នាងផងដែរ។

 


គួរបញ្ជាក់ថា Taylor Swift បានជាប់ពានលេខ១ ក្នុងបញ្ជីតារាចម្រៀងឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធ IFPI ជាលើកដំបូងក្នុងឆ្នាំ ២០១៤ និងបន្ទាប់មកទៀតនៅឆ្នាំ ២០១៩ ឆ្នាំ ២០២២ និង ឆ្នាំ២០២៣ ធ្វើឱ្យនាងក្លាយជាសិល្បករដែលបានជាប់តំណែងនេះច្រើនឆ្នាំបំផុតចាប់តាំងពីពានរង្វាន់នេះត្រូវបានបង្កើតឡើងកាលពី ១២ ឆ្នាំមុន។

 


បន្ទាប់ពី Taylor Swift សិល្បករដែលជាប់ចំណាត់ថ្នាក់បន្តបន្ទាប់ក្នុងឆ្នាំចុងក្រោយនេះរួមមាន តារារ៉េបកាណាដា Drake បានជាប់ចំណាត់ថ្នាក់លេខ ២ ក្រុមចម្រៀងខេប៉ុប SEVENTEEN បានជាប់ចំណាត់ថ្នាក់លេខ ៣ តារាចម្រៀងអាមេរិក Billie Eilish ជាប់ចំណាត់ថ្នាក់លេខ ៤ និងក្រុមចម្រៀងខេប៉ុប Stray Kids ជាប់ចំណាត់ថ្នាក់លេខ ៥ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025