ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងពាណិជ្ជកម្មថៃ ដាក់វិធានការជំរុញតម្លៃអង្ករឡើងវិញ

២១ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្មថៃ បាននិងកំពុងអនុវត្តវិធានការចំនួន ៧ ដើម្បីជំរុញតម្លៃអង្ករឡើងវិញ រួមមាន ពិព័រណ៍ទីផ្សារស្រូវ ការពង្រីកការនាំចេញ និងការរៀបចំសម្រាប់កិច្ចប្រជុំអនុគណៈកម្មាធិការ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។

 

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ការធ្លាក់ចុះតម្លៃអង្ករនាពេលថ្មីៗនេះ គឺបណ្តាលមកពីកត្តាខាងក្រៅ ជាពិសេស ការនាំចេញឡើងវិញរបស់ឥណ្ឌា និងការថយចុះតម្រូវការពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។

 


ជាមួយគ្នានេះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង គ្រោងនឹងកោះប្រជុំអនុគណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងអង្ករជាតិស្តីពី ទីផ្សារ នៅក្នុងសប្តាហ៍នេះ ដើម្បីផ្តោតលើការបង្កើតវិធានការគាំទ្រសម្រាប់ កសិករដែលរងផលប៉ះពាល់ដោយតម្លៃស្រូវធ្លាក់ចុះ។

 


ក្រសួង ក៏បានរៀបចំពិព័រណ៍ទីផ្សារស្រូវនៅក្នុងខេត្តចំនួន ២០ នៅទូទាំងអាងទន្លេចៅប្រាយ៉ា ដើម្បីឱ្យកសិករ លក់ស្រូវក្នុងអត្រាខ្ពស់ជាងនេះ ដោយពឹងថា នឹងធ្វើឱ្យតម្លៃកើនឡើងពី ១០០ ទៅ ២០០បាតក្នុងមួយតោន។


ទាក់ទងនឹងការពង្រីកការនាំចេញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ គ្រោងនឹងធ្វើទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង ក្នុងខែមីនា ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាំចេញអង្ករចំនួន ៣សែនតោន ដែលមានតម្លៃជាង ១៥០លានដុល្លារអាម៉េរិក។


ក្រសួងពាណិជ្ជកម្មថៃ ក៏រំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយប្រទេសចិន ដោយស្វែងរកការនាំចេញអង្ករចំនួន ២៨ម៉ឺនតោន ដើម្បីដោះស្រាយបញ្ហាខ្វះខាត។


គួរជម្រាបថា ក្រសួងក៏មានគម្រោងផ្សព្វផ្សាយអង្ករថៃជាអន្តរជាតិ តាមរយៈអនុសញ្ញាអង្ករថៃ ដែលនឹងភ្ជាប់អ្នកនាំចូលអង្ករអន្តរជាតិសម្រាប់បណ្តាញ និងកិច្ចពិភាក្សាអាជីវកម្ម។ សម្រាប់ការពង្រីកទីផ្សាររយៈពេលវែង ក្រសួងចង់ស្វែងរកឱកាសថ្មីៗនៅសហរដ្ឋអាមេរិក អឺរ៉ុប និងហ្វីលីពីន រួមជាមួយនឹងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដើម្បីពង្រឹងទំនុកចិត្តលើគុណភាពអង្ករថៃ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025