ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
កសិករ ២រូប នៅខេត្តស្ទឹងត្រែង និងឧត្តរមានជ័យ បានលើកឡើងថា ការប្រមូលផលស្វាយ និងតម្លៃ មានការថយចុះ ៧០% បើធៀបទៅនឹងឆ្នាំមុន ដែលធ្វើឲ្យកសិករជួបបញ្ហាប្រឈមចំនួន ខណៈតម្លៃថ្នាំកសិកម្មក៏ឡើងថ្លៃផងដែរ។ ដំណាំឈើហូបផ្លែស្វាយកែវរមៀត គឺជាដំណាំកសិ-ឧស្សាហកម្មដែលមានសក្កានុពលសម្រាប់បម្រើដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ក្នុងនោះ កម្ពុជាធ្វើការនាំចេញជាលក្ខណៈផ្លែស្វាយស្រស់ និងក្រៀម ខណៈដំណាំស្វាយកែវរមៀត ជាដំណាំមួយប្រភេទ ដែលប្រជាកសិករខ្មែរនិយមដាំ និងទទួលបានទិន្នផលខ្ពស់។
កសិករដាំស្វាយកែវរមៀត នៅខេត្តស្ទឹងត្រែង លោក ងួន គួយ បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ដឹងថា លោកបានចំណាយពេលវេលា ៥ឆ្នាំ ក្នុងការដំាដុះដំណាំស្វាយកែវរមៀត នៅលើទំហំដី ៦ហិកតា នៅឆ្នាំនេះ លោកបានប្រមូលផលស្វាយប្រមាណ ៣០តោនជាង ក្នុងវគ្គទី១ នៃស្វាយខុសរដូវ។ លោក បានបន្តថា នៅដើមឆ្នាំ ២០២៥ នេះ តម្លៃស្វាយបានត្រឹមតម្លៃ ៥០០-៦០០ រៀលប៉ុណ្ណោះ ក្នុង១គីឡូ រីឯ ទិន្នផលក៏មិនទទួលបានច្រើនដូចឆ្នាំកន្លងទៅ ដោយសារបញ្ហាទីផ្សារ និងបញ្ហាអាកាសធាតុ ខណៈកសិករអាចលក់ចំណេញបានលុះត្រាតែទទួលបានតម្លៃចន្លោះ ៧០០ ទៅ ១០០០រៀល ទើបចំណេញ សម្រាប់ស្វាយខុសរដូវនេះ។
កសិករ ងួន គួយ បានលើកឡើងបន្តថា កសិករនៅខេត្តស្ទឹងត្រែង ភាគច្រើន មិនមានអ្នកដាំដុះស្វាយបន្តនោះទេ ក្នុងនោះ កត្តាដែលកសិករមិនបន្តដាំ ដោយសារតែតម្លៃស្វាយមិនមានស្ថេរភាពនៅថ្ងៃខាងមុខ ដោយសង្កេតឃើញថា កសិករមួយភាគធំទៅដាំដំណាំផ្សេង ដូចជាស្វាយចន្ទី ជាដើម។ កសិកររូបនេះ បានបន្តថា លោកសូមសំណូមពរដល់ក្រសួងកសិកម្ម និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមជួយរកទីផ្សារ និងចុះណែនាំ ឬបង្រៀនបច្ចេកទេសមួយចំនួនដល់កសិករ ក្នុងការដាំដុះឲ្យទទួលបានផ្លែផ្កា និងទទួលបានផលចំណេញទាំងអស់គ្នា ទាំងកសិករ និងអ្នកលក់ជីថ្នាំកសិកម្ម។
ចំណែក លោក ស្រ៊ុយ ម៉េត ជាកសិករដំាស្វាយ នៅខេត្តឧត្តរមានជ័យ បានលើកឡើងថា ការប្រមូលផលស្វាយខុសរដូវនៅឆ្នាំ ២០២៥ នេះ កសិករនៅខេត្តរមានជ័យ ទទួលបានទិន្នផលថយចុះ និងតម្លៃក៏មានការថយចុះប្រមាណ ៧០% បើធៀបទៅនឹងឆ្នាំមុន។ លោក បានបន្តថា នៅឆ្នាំនេះកសិករ ទទួលបានតម្លៃចន្លោះ ៥០០-៦០០រៀលនេះ កសិករពិបាកទទួលយកនូវតម្លៃនេះ បន្ទាប់ពីទូទាត់ថ្លៃចំណាយរួច ឃើញថា មិនទទួលបានផលចំណេញ ថែមទាំងការផលិតនៅឆ្នាំនេះ មិនសមប្រកបផងដែរ ខណៈជីថ្នាំកសិកម្ម ក៏មានការឡើងថ្លៃប្រមាណ ២០ ទៅ ៣០% ។ កសិករ នៅខេត្តឧត្តរមានជ័យ បានបន្តថា ការថយចុះទិន្នផល និងតម្លៃនេះ មិនមែនមានតែនៅខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ នៅខេត្តមួយចំនួនទៀតក៏មានការធ្លាក់ចុះដូចគ្នា គ្រាន់តែការធ្លាក់ចុះតម្លៃ ឬទិន្នផលនៅឆ្នាំនេះ ធ្លាក់ចុះខ្លាំងជាងឆ្នាំមុនៗ ។
លោក ស្រ៊ុយ ម៉េត បានបន្តថា បច្ចុប្បន្ននេះ ទីផ្សារស្វាយកែវរមៀត មិនទាន់រកឃើញនូវចំណុចកណ្តាលបាននៅឡើយទេទាក់ទងនិងតម្លៃ និងបរិមាណផ្គត់ផ្គង់ ហើយកន្លងមកបញ្ហានេះ ខាងក្រសួងកសិកម្ម តែងតែជំរុញរកទីផ្សារធ្វើយ៉ាងណាឱ្យផលិតផលស្វាយកែវរមៀតមានតម្លៃថេរ ដែលអាចឱ្យកសិកររកបានប្រាក់ចំណេញ ប៉ុន្តែមួយឆ្នាំកន្លងមកនេះ ក្រសួង និងមន្ត្រីពាក់ព័ន្ធនៅធ្វើរឿងនេះ មិនទាន់បានចេញជាផ្លែផ្កានៅឡើយ។ តទៅនេះ សូមស្តាប់ការលើកឡើង ពីលោក ស្រ៊ុយ ម៉េត ជាកសិករដំាស្វាយ នៅខេត្តឧត្តរមានជ័យ។
គួរជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រាល់ការផលិតរបស់កម្ពុជា មានគោលដៅសម្រាប់ការនាំចេញ រហូតមកដល់ពេលនេះ ទីផ្សារនាំចេញស្វាយរបស់កម្ពុជា នៅមានចំនួនកំណត់នៅឡើយ។ លើសពីនេះ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០% ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេស ទូទាំងពិភពលោក។ ក្នុងនោះ ២,៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន នាំចេញទៅប្រទេសចិន ខណៈស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់ នាំចេញទៅប្រទេសវៀតណាម និងនាំចេញទៅប្រទេសថៃ មានដូចជា ដំឡូងមី ស្វាយស្រស់ ម្ទេស និងកន្ទក់ ជាដើម៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ