ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

ផ.ស.ស.សម្រាប់មនុស្សម្នាក់កើនដល់ជាង ២៧០០ដុល្លារ នៅឆ្នាំ២០២៤

២១ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឬ GDP នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត ៩ដង ពី ៣១០ដុល្លារ  រហូតដល់ប្រមាណ ២៧១៣ដុល្លារ នៅក្នុងឆ្នាំ ២០២៤។ 

 

 

ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឬ GDP នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត ៩ដង ពីប្រមាណ ៣១០ដុល្លារ នៅក្នុងឆ្នាំ ២០០០ រហូតដល់ប្រមាណ ២,៧១៣ដុល្លារ នៅក្នុងឆ្នាំ ២០២៤។ ស្របពេលដែលអត្រានៃភាពក្រីក្រធ្លាក់ចុះ ជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់។

 


ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល គឺការរក្សាឲ្យខានតែបាននូវ សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង កម្ពុជាបាននិងកំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ៦% ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជា បានទទួលផលអវិជ្ជមានពីវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ ក៏កម្ពុជារក្សាបាននូវកំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ ២០១៥មក។

 


បន្ថែមពីលើនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

 


ទន្ទឹមនឹងនេះ បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចប្រសើរជាងឆ្នាំ ២០២៤ ខណៈនៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងសម្រេចបានកំណើនដល់ទៅ ៦% ហើយអត្រាអតិផរណា ក៏មានការកែសម្រួលនៅក្នុងរង្វង់ប្រមាណជាជាង ២%។

 


សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ផកំណើនសេដ្ឋកិច្ច ត្រូវបានបែងចែកប្រកបដោយ សមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសមធម៌ ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕


 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025