ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
គិតត្រឹមឆ្នាំ ២០២៤ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារនៅកម្ពុជា បានឈានដល់ ៣៦៩ទី្រលានរៀល ឬប្រមាណ ៩១ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៧% ធៀបទៅនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍ពី ធនាគារជាតិនៃកម្ពុជា។ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រ ការងើបឡើងនៃសេដ្ឋកិច្ច។
យ៉ាងណាការផ្តល់ឥណទានដល់អតិថិជន មានជិត ៦០ពាន់លានដុល្លារអាមេរិក ដែលមានកំណើនទាប ៣% ខណៈប្រាក់បញ្ញើ បានកើនឡើង ១៦% ដល់ចំនួន ៥៧ពាន់លានដុល្លារអាមេរិក។ជាមួយគ្នានេះ ស្ថានភាពដើមទុនមានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃ ដើមទុនមានកម្រិត ២២% សម្រាប់វិស័យធនាគារ និង ២៦% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%)។
ជាមួយគ្នានេះសន្ទនីយភាពបន្តមានកម្រិតខ្ពស់ ដោយអនុបាតក្របខណ្ឌសន្ទនីយភាពមានអត្រា ១៩២% សម្រាប់វិស័យធនាគារ និង ១៥០% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១០០%)។ការផ្តល់ឥណទានទៅកាន់វិស័យឯកជន ត្រូវបានរំពឹងថា កើនឡើងក្នុងអត្រាមធ្យម ៦% ដែលជួយបង្កើនការវិនិយោគ និងការប្រើប្រាស់។
ជាមួយគ្នានេះ ការបន្តធ្វើទំនើបកម្មប្រព័ន្ធទូទាត់ អេឡិចត្រូនិក នឹងរួមចំណែកសម្រួលដល់សកម្មភាពការប្រើប្រាស់ក្នុងស្រុក ជំរុញពាណិជ្ជកម្មឆ្លងដែន ការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យនៃការកសាងសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍។ ទោះយ៉ាងណា ប្រព័ន្ធធនាគារក៏ប្រឈមនឹងហានិភ័យមួយចំនួន ដូចជា ការថយចុះគុណភាពឥណទាន និងការថមថយលទ្ធភាពស្វែងរកប្រាក់ចំណេញ ក្នុងពេលដែលការកើនឡើងយឺតនៃ វិស័យសំណង់និងអចលនទ្រព្យ ក៏អាចដាក់សម្ពាធមកលើប្រព័ន្ធធនាគារផងដែរ។
ជាចុងក្រោយ ធនាគារជាតិ បញ្ជាក់ថា ប្រព័ន្ធធនាគារនឹងបន្តអភិវឌ្ឍដោយភាពរឹងមាំ ស្របតាមការងើបឡើងនៃសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ