ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការយកពន្ធលើរថយន្ត នឹងមកដល់ភ្លាមៗ នៅថ្ងៃទី ២ ខែមេសា ឆ្នាំនេះ បន្ទាប់ពីសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោក ត្រូវបញ្ជូនរបាយការណ៍បង្ហាញពី ជម្រើសសម្រាប់ពន្ធនាំចូលជាច្រើន ខណៈលោក ដូណាល់ ត្រាំ ចង់ឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោកឡើងវិញ។
ជាក់ស្តែង លោក ដូណាល់ ត្រាំ បានចោទប្រកាន់ជាយូរមកហើយ ប្រឆាំងនឹងអ្វីដែលលោកហៅថា ជាការប្រព្រឹត្តិដោយអយុត្តិធម៌នៃ ការនាំចេញរថយន្តរបស់សហរដ្ឋអាមេរិក នៅក្នុងទីផ្សារបរទេស។
ជាឧទាហរណ៍ សហភាពអឺរ៉ុបប្រមូលពន្ធ ១០% លើការនាំចូលយានយន្តអាមេរិក ដែលស្មើនឹង ៤ដងនៃអត្រាពន្ធរថយន្តដឹកអ្នកដំណើររបស់ សហរដ្ឋអាមេរិក ដែលកំណត់ត្រឹម ២,៥%។
យ៉ាងណាក៏ដោយ លោក ត្រាំ បានអះអាងម្តងទៀតថា សហភាពអឺរ៉ុប បានផ្តល់សញ្ញារួចហើយថា នឹងបន្ថយពន្ធលើរថយន្តរបស់សហរដ្ឋអាមេរិក ដល់អត្រាទាបរបស់អាមេរិក ទោះបីជា សមាជិកសភាសហភាពអឺរ៉ុប បានបដិសេធថា មិនធ្វើដូច្នេះក៏ដោយ។
ក្រៅពីបញ្ហាពន្ធរថយន្ត លោក ត្រាំ បានបញ្ជាក់ថា ពន្ធតាមវិស័យលើឱសថ និងបន្ទះឈីប ក៏នឹងចាប់ផ្តើមនៅអត្រា ២៥% ឬខ្ពស់ជាងនេះ ហើយអាចកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលមួយឆ្នាំ។
លោក ត្រាំ មិនបានផ្តល់កាលបរិច្ឆេទ សម្រាប់ការប្រកាសពីកាតព្វកិច្ចទាំងនោះទេ ព្រោះលោក ចង់ផ្តល់ពេលវេលាខ្លះសម្រាប់អ្នកផលិតថ្នាំ និងបន្ទះឈីប ដើម្បីបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក ដូច្នេះពួកគេអាចជៀសវាងពន្ធបាន។
សូមជម្រាបថា ពន្ធនាំចូលរថយន្តចំនួន ២៥% នឹងក្លាយជាការផ្លាស់ប្តូររបត់ សម្រាប់ឧស្សាហកម្មរថយន្តសកល ដែលកំពុងវិលវល់រួចមកហើយ ពីភាពមិនច្បាស់លាស់ដែលបណ្តាលមកពីរឿងពន្ធផ្សេងទៀតរបស់លោក ដូណាល់ ត្រាំ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ