ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥

ក្រសួងកសិកម្មវៀតណាម បង្ហាញគោលដៅនាំចេញអង្ករលើស ៧,៥លានតោន ក្នុងឆ្នាំនេះ

២១ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច


 

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្យាករការនាំចេញអង្ករវៀតណាម ក្នុងឆ្នាំ ២០២៥នេះ នឹងសម្រេចបានលើសពី ៧,៥លានតោន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្យាករថា វៀតណាម នឹងមានអង្ករពាណិជ្ជកម្មជាង ៧,៥លានតោនសម្រាប់នាំចេញ នៅឆ្នាំ ២០២៥ ដោយការផ្គត់ផ្គង់នេះ នឹងមកពីខេត្តដីសណ្ដទន្លេមេគង្គ ខណៈដែលតំបន់ផ្សេងទៀត នឹងបម្រើតម្រូវការក្នុងស្រុក។

 


បើយោងតាមរបាយការណ៍សមតុល្យការផ្គត់ផ្គង់ និងតម្រូវការរបស់ក្រសួង សម្រាប់ការនាំចេញអង្ករនៅឆ្នាំ ២០២៥ តំបន់ដីសណ្តទន្លេមេគង្គ រំពឹងថា នឹងផលិតស្រូវបានជាង ៣,៧លានហិកតា ជាមួយនឹងទិន្នផលជាមធ្យម ៦,៣តោនក្នុងមួយហិកតា ដែលបណ្តាលឱ្យមានទិន្នផលសរុបជិត ២៤លានតោន។

 


ក្នុងនោះស្រូវ ជិត ៩លានតោន នឹងត្រូវប្រើសម្រាប់ការប្រើប្រាស់ក្នុងស្រុក គ្រាប់ពូជ និងចំណីសត្វ ខណៈស្រូវចំនួន ១៥លានតោន ស្មើនឹង ៧,៥លានតោនអង្ករ គឺសម្រាប់ការនាំចេញ។

 


សម្រាប់តារាងការនាំចេញអង្ករប្រចាំឆ្នាំ ២០២៥ គឺថាអង្ករ ៤,៥លានតោន ត្រូវបានគេរំពឹងថានឹងដឹកជញ្ជូន នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ហើយជាង ៣លានតោនទៀត ត្រូវបានបែងចែកសម្រាប់ឆមាសទី ២ ឆ្នាំនេះ។

 


ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក៏បានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ផ្តល់អាទិភាពដល់ ការនាំចេញអង្ករ ក្នុងអំឡុងខែប្រមូលផលខ្ពស់បំផុត ជាពិសេសក្នុងខែកុម្ភៈ មីនា មេសា កក្កដា សីហា និងខែកញ្ញា ដើម្បីឲ្យស្របតាមការប្រែប្រួលទីផ្សារ។គួរជម្រាបថា សម្រាប់ឆ្នាំ ២០២៥ ផ្ទៃដីដាំដុះស្រូវសរុបរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧លានហិកតា ទិន្នផលជាមធ្យម នឹងមានជាង ៦តោនក្នុងមួយហិកតា ខណៈពេលដែលផលិតកម្មសរុប នឹងមានចំនួន ៤៣លានតោន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025