ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ខណៈកម្មវិធីប្រគល់ពានរង្វាន់អូស្កាឆ្នាំទី៩៧ ត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី២ ខែមីនាខាងមុខ នៅថ្ងៃនេះកម្មវិធីព័ត៌មានកម្សាន្ត PNN សូមបង្ហាញត្រួសៗពីសមាសភាពតារាសម្ដែងទាំង ១០ រូបដែលបានជាប់បេក្ខភាពចុងក្រោយផ្នែកតួឯកប្រុសស្រីឆ្នើមក្នុងឆ្នាំនេះ។
តារាសម្ដែងស្រីដែលបានជាប់បេក្ខភាពប្រកួតប្រជែងយកពានរង្វាន់អូស្កាផ្នែកតួឯកស្រីឆ្នើមក្នុងឆ្នាំនេះមានដូចជា ទី១ តារាសម្តែងអង់គ្លេស Cynthia Erivo សម្រាប់ការសម្ដែងជាតួមេធ្មប់ស្បែកបៃតង Elphaba ក្នុងរឿង "Wicked" ។ កន្លងមកតារាស្រីរូបនេះធ្លាប់បានជាប់បេក្ខភាពតួឯកស្រីឆ្នើមរបស់អូស្កាម្ដងមកហើយតាមរយៈរឿង "Harriet" ក្នុងឆ្នាំ ២០២០ និងធ្លាប់ជាប់បេក្ខភាពបទចម្រៀងភាពយន្តល្អបំផុតសម្រាប់រឿង "Stand Up" ក្នុងឆ្នាំ ២០១៩ ។
ទី២គឺតារាសម្តែងអេស្ប៉ាញ Karla Sofia Gascon ដែលបានជាប់បេក្ខភាពពានរង្វាន់អូស្ការសម្រាប់ការសម្ដែងជាតួមេគ្រឿងញៀនកែភេទក្នុងភាពយន្ត "Emilia Perez" ។ គួរបញ្ជាក់ថា នាងគឺជាតារាកែភេទដំបូងគេដែលអាចជាប់បេក្ខភាពពានរង្វាន់ Oscar។
ទី៣ គឺតារាសម្តែងអាមេរិក Mikey Madison ដែលបានជាប់បេក្ខភាពសម្រាប់ការសម្ដែងជាស្ត្រីរកស៊ីផ្លូវភេទរុស្សីក្នុងភាពយន្ត Cinderella សម័យទំនើបរឿង "Anora" ។ កាលពីខែឧសភាឆ្នាំមុន ភាពយន្តបែបកំប្លែងមួយនេះបានឈ្នះពានរង្វាន់ធំនៅមហោស្រពភាពយន្តទីក្រុងកាន ។
ទី៤ គឺតារាសម្ដែងអាមេរិកវ័យ ៦២ ឆ្នាំ Demi Moore ដែលបានជាប់ជាបេក្ខភាពអូស្ការលើកដំបូងសម្រាប់ការសម្ដែងជាគ្រូហាត់ប្រាណវ័យចំណាស់ដែលចង់ផ្លាស់ប្ដូររូបសម្រស់របស់ខ្លួនតាមរយៈវិធីសាស្ត្រដ៏អាថ៌កំបាំងក្នុងរឿង "The Substance" ។ តាមរយៈរឿងនេះដែរ បានធ្វើឱ្យអ្នកស្រីបានទទួលពានរង្វាន់តួឯកស្រីឆ្នើមផ្នែកភាពយន្តកំប្លែង និងតន្ត្រីរួចមកហើយ នៅកម្មវិធី Golden Globes កាលពីខែមករា និងក្នុងកម្មវិធី Critics Choice Awards កាលពីថ្ងៃទី៧ ខែកុម្ភៈ។
ទី៥ គឺតារាសម្ដែង Fernanda Torres ដែលបានដើរតួជាមេធាវីប្រេស៊ីល Eunice Paiva ក្នុងខ្សែភាពយន្ត "I’m Still Here" ។ ភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះប្រាប់ពីរឿងរ៉ាវរបស់ Paiva ជាម្តាយមានកូនប្រាំនាក់ដែលតស៊ូស្វែងរកការពិតអំពីការបាត់ខ្លួនរបស់ប្តីក្នុងអំឡុងរបបផ្តាច់ការយោធានៅក្នុងប្រទេសប្រេស៊ីល និងបានធ្វើឱ្យតារាសម្ដែង Torres បានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមផ្នែកភាពយន្តមនោសញ្ចេតនារួចមកហើយក្នុងកម្មវិធី Golden Globe។
ងាកមកមើលបេក្ខភាពតួឯកប្រុសឆ្នើមវិញរួមមាន ទី១ តារាសម្តែងអាមេរិក Adrien Brody ដែលត្រូវជ្រើរើសសម្រាប់ការសម្ដែងក្នុងរឿង "The Brutalist"។ ភាពយន្តនេះប្រាប់ពីរឿងរ៉ាវរបស់ជនអន្តោប្រវេសន៍ហុងគ្រីម្នាក់ដែលភៀសខ្លួនចេញពីភាពរន្ធត់នៃសង្គ្រាមលោកលើកទី ២ ដើម្បីកសាងជីវិតឡើងវិញនៅសហរដ្ឋអាមេរិក។ Brody ធ្លាប់បានឈ្នះពានរង្វាន់ Oscar ម្ដងមកហើយសម្រាប់កាលពីឆ្នាំ ២០០៣ សម្រាប់ការសម្ដែងក្នុងភាពយន្តសង្រ្គាម "The Pianist" ហើយថ្មីៗនេះបានឈ្នះពានរង្វាន់ Golden Globe និង Critics Choice សម្រាប់រឿង "The Brutalist" នេះតែម្ដង។
ទី២ គឺតារាសម្តែងកូនកាត់បារាំង Timothee Chalamet ដែលមានឈ្មោះដណ្តើមពានរង្វាន់តួឯកប្រុសឆ្នើមសម្រាប់ការសម្ដែងជាតារាចម្រៀង Bob Dylan ក្នុងភាពយន្តបែបជីវប្រវត្តិ "A Complete Unknown" ។ Chalamet ធ្លាប់ជាប់បេក្ខភាពតួឯកប្រុសឆ្នើមរបស់ Oscar ម្ដងក្នុងឆ្នាំ ២០១៨ សម្រាប់ភាពយន្តស្នេហាបុរសនិងបុរស "Call Me by Your Name"។
ទី៣ គឺតារាសម្តែងអាមេរិក Colman Domingo បានជាប់បេក្ខភាពតាមរយៈភាពយន្ត "Sing Sing" ដែលនិយាយពីបុរសម្នាក់ដែលបានជាប់ពន្ធនាគារដោយសារបទឧក្រិដ្ឋដែលខ្លួនមិនបានប្រព្រឹត្ត។ កាលពីឆ្នាំ២០២៤ តារាប្រុសរូបនេះក៏បានជាប់បេក្ខភាពកម្មវិធី Oscar និង Golden Globe ផងដែរតាមរយៈភាពយន្ត “Rustin”។
ទី៤ គឺតារាសម្តែងអង់គ្លេស Ralph Fiennes បានជាប់បេក្ខភាពតាមរយៈការសម្ដែងភាពយន្តបែបសាសនាមានចំណងជើងថា "Conclave" ។ តារាសម្ដែងរូបនេះធ្លាប់បានទទួលពានរង្វាន់ Oscars ចំនួនពីររួចមកសម្រាប់ការងារសម្តែងរបស់លោក ដោយលើកទី១ ក្នុងឆ្នាំ១៩៩៣ និងលើកទី២ក្នុងឆ្នាំ១៩៩៦។
ទី៥ គឺតារាសម្តែង Sebastian Stan ដែលត្រូវបានជ្រើសរើសសម្រាប់ការសម្ដែងជាប្រធានាធីបតីអាមេរិក Donald Trump ក្នុងភាពយន្ត "The Apprentice" ។ នេះជាការជាប់បេក្ខភាពលើកដំបូងរបស់លោកក្នុងកម្មវិធី Oscar ប៉ុន្តែតារាសម្តែងរូបនេះធ្លាប់ទទួលបានពានរង្វាន់តួឯកប្រុសឆ្នើមរួចមកហើយពីកម្មវិធី Golden Globe សម្រាប់ភាពយន្ត "A Different Man" ៕
ប្រែសម្រួល៖ វ៉ាន់ថន