ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
តារាចម្រៀង និងសម្ដែងអាមេរិក Selena Gomez បានចាប់ដៃគ្នាជាមួយគូដណ្តឹងគឺផលិតករ និងអ្នកនិពន្ធបទចម្រៀង Benny Blanco សម្រាប់អាល់ប៊ុមថ្មីមួយ ត្រៀមចេញនៅខែក្រោយ។
“I Said I Love You First” នឹងជាអាល់ប៊ុមសហការដំបូងរបស់ Selena Gomez និងគូដណ្ដឹង Benny Blanco (បេនី ប្លង់ខូ) ដែលត្រៀមចេញនៅថ្ងៃសុក្រ ២១ មីនា។ថ្មីៗនេះ អ្នកទាំងពីរបានបញ្ចេញវីដេអូផ្សព្វផ្សាយដំបូងសម្រាប់បទចម្រៀងមួយពីអាល់ប៊ុមនេះមានចំណងជើងថា "Scared of Loveing You" ។ បទនេះដែរគឺជាស្នាដៃនិពន្ធរួមគ្នាដោយ Selena Gomez, Benny Blanco និងផលិតករ Finneas O'Connell (ហ្វីនៀស សូខនណេល)។
បណ្ដាញព័ត៌មានផ្លូវការរបស់ពួកគេបានរៀបរាប់ថា៖ “អាល់ប៊ុមនេះនឹងជាការអបអរចំពោះរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូនេះ ដោយនឹងផ្តល់ឱ្យអ្នកគាំទ្រនូវបង្អួចពិសេសមួយទៅកាន់ទំនាក់ទំនងរបស់ពួកគេ”។
គួររំឭកថា សិល្បករទាំងពីរបានបើកចំហរពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈកាលពីខែធ្នូ ឆ្នាំ ២០២៣ ពោលគឺរយៈពេលពីរឆ្នាំបន្ទាប់ពីបានរួមកាងារជាមួយគ្នាក្នុងបទចម្រៀង "I Can't Get Enough"។ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ ពួកគេក៏បានប្រកាសភ្ជាប់ពាក្យជាមួយគ្នា។
ថ្មីៗនេះដែរ Selena Gomez បានសម្តែងក្នុងភាពយន្ត “Emilia Perez” ដែលបានជាប់បេក្ខភាពប្រកួតប្រជែងពានរង្វាន់អូស្ការដល់ទៅ ១៣ ពានក្នុងឆ្នាំនេះ មានដូចជាពានរង្វាន់ធំភាពយន្តល្អបំផុត ពានរង្វាន់តួរងស្រីឆ្នើមសម្រាប់តារាសម្ដែង Zoe Saldana (ហ្សូអ៊ី សាលដាណា) និងពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមសម្រាប់លោក Jacques Audiard (ហ្សេកគូ ដ្យា)៕
ប្រែសម្រួល៖ វ៉ាន់ថន