ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥
សមាជិកក្រុមចម្រៀង BTS, J-Hope និងតារាចម្រៀងអាមេរិក Justin Timberlake នឹងក្លាយជាសិល្បករជួរមុខដែលនឹងឡើងសម្ដែងក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រីធំនៅប្រទេសអាល្លឺម៉ង់គឺ Lollapalooza Berlin។
ក្រុមអ្នករៀបចំកម្មវិធីមហោស្រពតន្ត្រី Lollapalooza ក្រុងបែរឡាំង បានឱ្យដឹងកាលពីថ្ងៃទី២០ ខែកុម្ភៈ ថាតារាចម្រៀងអាមេរិករួមមាន Justin Timberlake, Gracie Abrams, តារាចម្រៀងអង់គ្លេស Raye ព្រមទាំងតារាចម្រៀងខេប៉ុបដូចជាសមាជិកក្រុម BTS J-Hope និងក្រុមចម្រៀងនារី IVE នឹងស្ថិតក្នុងចំណោមអ្នកសម្ដែងសំខាន់ក្នុងឆ្នាំនេះ។
ព្រឹត្តិការណ៍តន្ត្រីដ៏ធំនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន Olympiastadion និង Olympiapark នៅថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥។មានអ្នកចូលរួមរាប់សែននាក់ក្នុងមួយឆ្នាំៗ Lollapalooza គឺជាព្រឹត្តិការណ៍មហោស្រពតន្ត្រីដ៏ល្បីល្បាញមួយដែលបានចាប់ផ្តើមនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩១ ហើយក្រោយៗមកក៏បានរីកសុសសាយក្នុងប្រទេសផ្សេងៗដូចជាប្រទេសបារាំង ប្រេស៊ីល អាហ្សង់ទីន និងអាល្លឺម៉ង់ជាដើម។
នេះជាការបង្ហាញខ្លួនជាលើកទីពីរហើយរបស់ J-Hope នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនេះ ដោយកាលពីខែកក្កដាឆ្នាំ ២០២២ តារារ៉េបប្រចាំក្រុម BTS រូបនេះបានក្លាយជាសិល្បករ K-pop ដំបូងបង្អស់ដែលបានក្លាយជាសិល្បករជួរមុខនៅក្នុងព្រឹត្តិការណ៍ Lollapalooza ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក។
ចំណែកក្រុមនារីសមាជិក ៦នាក់ Ive ក៏ធ្លាប់សម្តែងនៅកម្មវិធី Lollapalooza ទីក្រុង Chicago ផងដែរក្នុងខែសីហា ឆ្នាំ ២០២៤ ដូច្នេះហើយព្រឹត្តិការណ៍នៅទីក្រុងបែរឡាំង នឹងជាការបង្ហាញខ្លួនជាលើកទីពីររបស់ពួកគេដូចគ្នាសម្រាប់ព្រឹត្តិការណ៍មហោស្រពតន្ត្រីមួយនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន