ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ក្រុមចម្រៀងនារី Aespa និងក្រុមបុរស NCT 127 នឹងស្ថិតក្នុងចំណោមតារាចម្រៀងល្បីៗជាច្រើនរបស់ផលិតកម្ម SM ដែលនឹងចូលរួមក្នុងការប្រគំតន្ត្រី SMTOWN Live 2025 នៅអាមេរិកខាងជើងនិងចក្រភពអង់គ្លេស។
ថ្មីៗនេះផលិតកម្ម SM Entertainment ទើបតែប្រកាសបន្ថែមនូវសមាសភាពសិល្បករដែលនឹងចូលរួមក្នុងការប្រគំតន្ត្រីទេសចរណ៍របស់ខ្លួននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី២៨ ខែមិថុនាខាងមុខ គឺក្រុមចម្រៀងនារី Aespa និងក្រុមបុរស NCT 127 ដោយពួកគេនឹងចូលរួមជាមួយសិល្បករផ្សេងទៀតដែលត្រូវបានប្រកាសមុននេះដូចជា Suho និង Chanyeol ក្រុម EXO ក្រុម NCT DREAM ក្រុម WayV ក្រុម NCT WISH និងក្រុម RIIZE (រ៉ាយស៍)។
គួរបញ្ជាក់ថាការប្រគំតន្ត្រីទេសចរណ៍ SMTOWN Live 2025 ត្រូវបានរៀបចំឡើងដើម្បីអបអរខួបគម្រប់ ៣០ឆ្នាំនៃការបង្កើតផលិតកម្ម SM Entertainment និងបានរៀបចំលើកដំបូងនៅទីក្រុងសេអ៊ូល ចំនួន ២ថ្ងៃកាលពីថ្ងៃទី១១ និង១២ ខែមករា ខណៈឆាកបន្ទាប់នឹងត្រូវរៀបចំនៅទីក្រុងម៉ិកស៊ីកូ ប្រទសម៉ិកស៊ិក នៅថ្ងៃទី៩ ខែឧសភា រួចហើយនឹងបន្តទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែឧសភា។
សម្រាប់នៅទ្វីបអឺរ៉ុប ការសម្ដែងនៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះគឺជាលើកដំបូងបំផុតដែលផលិតកម្ម SM នឹងបានរៀបចំឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយក្រៅពីសិល្បកររៀបរាប់ខាងលើ ការប្រគំតន្ត្រីដ៏ធំនេះនឹងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនទៀតដូចជា TVXQ!, សមាជិកក្រុម Red Velvet រួមមាន Irene, Seulgi និង Joy, Hyoyeon ក្រុម Girls' Generation, និងក្រុមចម្រៀងនារីថ្មី Hearts2Hearts ដែលត្រៀមចេញអាល់ប៊ុមដំបូងក្នុងពេលឆាប់ៗនេះ។ ការលក់សំបុត្រចូលទស្សនាសម្រាប់កម្មវិធីនៅទីក្រុងឡុងដ៍នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ និង២៧ ខែកុម្ភនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន