ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
តារាសម្ដែងរូបសង្ហា Timothee Chalamet និង Robert Pattinson បានទាក់ទាញក្រុមអ្នកគាំទ្រយ៉ាងច្រើនកកកុញខណៈដែលពួកគេចូលរួមការសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ខ្លួនក្នុងកម្មវិធីមហោស្រពភាពយន្តក្រុងបែរឡាំងកាលពីចុងសប្ដាហ៍។វត្តមានតារាសម្ដែងកូនកាត់បារាំង Timothee Chalamet ចូលរួមកម្មវិធីសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា "A Complete Unknown" នៅឯព្រឹត្តិការណ៍មហោស្រពភាពយន្តក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រមានភាពរំភើបជាខ្លាំង។
សំឡេងហ៊ោកញ្ជ្រៀវបានផ្ទុះឡើងកាន់តែខ្លាំងថែមទៀត ខណៈតារាប្រុសវ័យ ២៩រូបនេះបានដោះអាវក្រៅចេញ និងបន្តបង្ហាញរាងថតរូបជាមួយអាវវាលដៃ បន្ទាប់ពីបានផ្ដល់ហត្ថលេខា និងថតរូប Selfie ជាមួយអ្នកគាំទ្រជាច្រើន។
សម្រាប់រឿង "A Complete Unknown" តារាសម្ដែងប្រុសដែលល្បីល្បាញខ្លាំងតាមរយៈភាពយន្ត "Dune" និង "Call Me By Your Name" បានដើរតួជាអតីតតារាចម្រៀង និងអ្នកនិពន្ធចម្រៀងល្បីរបស់អាមេរិកក្នុងសតវត្សរ៍ទី២០ Bob Dylan។
តាមរយៈការសម្ដែងភាពយន្ត បែបជីវប្រវត្តិមួយនេះ ក៏បានធ្វើឱ្យ Chalamat មានឈ្មោះប្រកួតប្រជែងពានរង្វាន់អូស្កា ដែលត្រៀមប្រារព្ធឡើងក្នុងខែមីនាខាងមុខនេះផងដែរ។
ក្រៅពី Timothee Chalamet ភាពយន្ត "A Complete Unknown” ក៏មានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនទៀតដូចជា Edward Norton, Elle Fanning និង Monica Barbaro ។
ដោយឡែកតួឯកប្រុសរឿង “Twilight” គឺតារាសម្ដែងល្បីអង់គ្លេស Robert Pattinson ក៏បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមរបស់ព្រឹត្តិការណ៍មហោស្រពក្រុងបែរឡាំងឆ្នាំនេះដែរ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនដូចគ្នា។
បង្ហាញខ្លួនលើកនេះ Robert Pattinsonបាននាំមកជាមួយនូវស្នាដៃភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា "Mickey 17” ជាភាពយន្តវិទ្យាសាស្ត្របែបកំប្លែង ដែលដឹកនាំដោយផលិតករកូរ៉េ Bong Joon Jo ម្ចាស់ស្នាដៃភាពយន្ត "Parasite” ដែលបានឈ្នះពានរង្វាន់អូស្កាកាលពីឆ្នាំ២០២០។
ភាពយន្តថ្មីនេះចូលរួមសម្ដែងដោយតារាល្បីផ្សេងៗទៀតដូចជា Toni Collette, Naomie Ackie និង Steven Yeun ដែលបានបង្ហាញវត្តមានរួមគ្នាជាមួយ Robert Pattinson និងអ្នកដឹកនាំ Bong Joon Jo ផងដែរក្នុងកម្មវិធីសម្ពោធបញ្ចាំងពិសេសកាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈកន្លងទៅ ៕
ប្រែសម្រួល៖ វ៉ាន់ថន