ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

អ្នកគាំទ្រ BLACKPINK ស្រងាកចិត្តក្រោយឃើញកាលបរិច្ឆេទនិងទីតាំង World Tour

២០ កុម្ភៈ ២០២៥ | កម្សាន្ដ

 

កំពូលក្រុមខេប៉ុប BLACKPINK បានប្រកាសពីកាលបរិច្ឆេទនិងទីតាំងមួយចំនួនសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក BLACKPINK 2025 World Tour កាលពីល្ងាចថ្ងៃពុធកន្លងទៅនេះ។

 


ផ្អែកតាមសេចក្ដីប្រកាសផ្លូវការរបស់ YG បង្ហាញថាការប្រគំតន្ត្រី BLACKPINK 2025 World Tour នឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅពហុកីឡដ្ឋាន Goyang ហើយបន្ទាប់មកនឹងបន្តទៅប្រទេសផ្សេងទៀតរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី កាណាដា និងជប៉ុន។

 


ការប្រគំតន្ត្រីទេសចរណ៍លើកនេះនឹងក្លាយជា World Tour ជុំគ្នាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំប្រាំខែចាប់តាំងពីការប្រគំតន្ត្រីទេសចរណ៍ "Born Pink" បានរៀបចំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដោយកាលនោះបានទាក់ទាញអ្នកគាំទ្រចូលទស្សនាប្រហែល ១,៨ លាននាក់ សម្រាប់ការសម្ដែងសរុប ៦៦ លើកនៅ ៣៤ ទីក្រុងទូទាំងពិភពលោក និងក្លាយជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកខ្នាតធំបំផុតពីក្រុមនារី K-pop។

 


យ៉ាងណាក៏ដោយទន្ទឹមនឹងការរំភើបនឹងការវិលត្រលប់ជុំគ្នារបស់សមាជិកទាំង ៤ ក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញមតិមិនសប្បាយចិត្តដោយសារមិនឃើញការប្រកាសពីការសម្ដែងនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ខណៈអ្នកគាំទ្រជាច្រើនទៀតគិតថា BLACKPINK គួរចេញបទចម្រៀងរួមគ្នាជាមុនសិន មុនឹងធ្វើការប្រគំតន្ត្រីដើម្បីប្រមូលលុយពីអ្នកគាំទ្រ។ 

 


ជាក្រុមចម្រៀងស្រីមួយក្រុមដែលទទួលបានជោគជ័យបំផុតក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន BLACKPINK ត្រូវបានគេស្គាល់តាមរយៈបទចម្រៀងដូចជា “How You Like That” “Pink Venom” និង “Ddu-Du Ddu-Du” និងបានក្លាយជាក្រុម K-pop ដំបូងគេដែលបានក្លាយជាអ្នកសម្ដែងជួរមុខក្នុងព្រឹត្តិការណ៍តន្ត្រី Coachella និង British Summer Time Festival ក៏ដូចជាឈ្នះពានរង្វាន់ MTV Video Music Award ។

 


សមាជិកទាំងបួននាក់បានបន្តកិច្ចសន្យាការងារក្រុមជាមួយ YG Entertainment ក្នុងឆ្នាំ ២០២៣ ប៉ុន្តែបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួន ឬចុះកុងត្រាជាមួយក្រុមហ៊ុនផ្សេងៗសម្រាប់សកម្មភាពទោលរបស់ពួកគេរៀងៗខ្លួន ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025