ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
តារាសម្តែង Angelina Jolie បានទទួលពានរង្វាន់កិត្តិយសនៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Santa Barbara សម្រាប់ស្នាដៃជាច្រើនរបស់អ្នកស្រីក្នុងវិស័យភាពយន្ត។
នៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Santa Barbara ដែលរៀបចំឡើងនៅទីក្រុង Santa Barbara រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែកុម្ភៈ តារាសម្ដែង Angelina Jolie បានទទួលពានរង្វាន់កិត្តិយស Maltin Modern Master Award ជាការទទួលស្គាល់នូវស្នាដៃជាច្រើនរបស់អ្នកស្រីក្នុងវិស័យភាពយន្តសម័យទំនើប។
គួររំឭកថា អ្នកស្រី Angelina Jolie ធ្លាប់បានឈ្នះពានរង្វាន់ Oscar សម្រាប់ការសម្ដែងភាពយន្ត "Girl, Interrupted" ក្នុងឆ្នាំ ២០០០ ហើយថ្មីៗនេះអ្នកស្រីបានសម្តែងជាតារាចម្រៀងអូប៉េរ៉ា Maria Callas នៅក្នុងភាពយន្ត "Maria"។ មិនត្រឹមតែមានភាពលេចធ្លោក្នុងវិស័យភាពយន្ត ប៉ុន្តែតារាស្រីវ័យ ៤៩ ឆ្នាំរូបនេះក៏បានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជាមួយជនភៀសខ្លួន និងផ្នែកសិទ្ធិមនុស្សដូចគ្នាដែរ។
ខណៈឡើងទទួលពានរង្វាន់នេះ អ្នកស្រីក៏មិនភ្លេចចូលរួមរំលែកទុក្ខចំពោះប្រជាជនរងគ្រោះដោយភ្លើងឆេះព្រៃដែលបានលេបត្របាក់ទីក្រុង Los Angeles និងបានសម្លាប់មនុស្ស ២៩ នាក់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។
ក្រៅពី Angelina Jolie តារាសម្ដែងផ្សេងទៀតដែលបានទទួលពានរង្វាន់កិត្តិយសក្នុងកម្មវិធីមហោស្រពភាពយន្តនេះដែររួមមានតួឯកប្រុសភាពយន្ត “Dune” គឺតារាសម្ដែង Timothee Chalamet បានទទួលពានរង្វាន់សិល្បករប្រចាំឆ្នាំ Arlington Artist of the Year និងតារាសម្ដែង Zoe Saldaña ដែលជាតួឯកស្រីភាពយន្ត “Avatar” បានទទួលពានរង្វាន់ American Riviera Award ជាការទទួលស្គាល់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់របស់នាងក្នុងវិស័យកុនអាមេរិក ៕
ប្រែសម្រួល៖ វ៉ាន់ថន