ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

តារាសម្តែងកូរ៉េខាងត្បូង Kim Sae-ron ត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះក្នុងវ័យត្រឹម ២៤ឆ្នាំ

១៧ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

ជាព័ត៌មានដ៏ភ្ញាក់ផ្អើល និងតក់ស្លុតសម្រាប់វ័យសិល្បៈកូរ៉េខាងត្បូង ដោយតារាសម្តែងស្រីល្បីឈ្មោះ Kim Sae-ron ដែលទើបតែមានវ័យ ២៤ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះកាលពីថ្ងៃអាទិត្យ។

 


ប៉ូលីសក្រុងសេអ៊ូលបានធ្វើសេចក្ដីរាយការណ៍ថាតារាសម្ដែងស្រីកូរ៉េ Kim Sae-ron ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាង ក្នុងទីក្រុងសេអ៊ូល ខណៈមូលហេតុពីក្រោយការស្លាប់កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។

 

 

ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhapបានឱ្យដឹងថា នៅវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ មិត្តភ័ក្តិរបស់នាងបានទូរស័ព្ទទៅប៉ូលីស បន្ទាប់ពីបានប្រទះឃើញនាងស្លាប់ ហើយតាមរយៈការពិនិត្យមើលជាបឋម គេមិនបានរកឃើញភ័ស្តុតាងនៃការលួចចូល ឬឧក្រិដ្ឋកម្មផ្សេងទៀតនោះទេ។

 

 

មន្ត្រីប៉ូលិសបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនៃការស្លាប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីទៀតនោះទេ។

 

 

មានអាយុត្រឹម ២៤ ឆ្នាំ Kim Sae-ron គឺជាតារាសម្តែងដ៏លេចធ្លោមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយនាងបានប្រឡូកសិល្បៈតាំងតែអាយុ ៩ឆ្នាំ និងបានសម្ដែងក្នុងភាពយន្តភាគ និងភាពយន្តខ្នាតធំល្បីៗជាច្រើនរឿង ក៏ប៉ុន្តែអាជីពរបស់នាងត្រូវធ្លាក់ដល់ចំណុចសូន្យ បន្ទាប់ពីមានរឿងអាស្រូវបើកបរក្នុងស្ថានភាពស្រវឹងទៅបុកបង្គោលភ្លើង បណ្ដាលឱ្យដាច់ចរន្ទអគ្គិសនីក្នុងតំបន់ជុំវិញជាង ៣ម៉ោង កាលពីឆ្នាំ ២០២២។

 

 

នាងចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្ត "The Man from Nowhere" ក្នុងឆ្នាំ២០១០ និងរឿង "The Neighbor" នៅឆ្នាំ ២០១២ ខណៈស្នាដៃចុងក្រោយរបស់នាងគឺរឿងភាគ "Bloodhounds" ដែលចេញក្នុងឆ្នាំ ២០២៣ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025