ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី បន្តជំរុញឱ្យប្រជាកសិកររួមគ្នាបង្កើតសហគមន៍កសិកម្មទំនើបដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព

០៤ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យប្រជាកសិករ រួមគ្នាចងក្របបង្កើត«សហគមន៍កសិកម្មទំនើប» ឱ្យបានតែច្រើនដែលវានឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញយ៉ាងច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការធានាបានតម្លៃទីផ្សារ និងអាចទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ។

 

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើប ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ សម្តេចមហាបវរធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករ ជាពិសេសផលិតកម្មស្រូវ រួមគ្នាចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើប ដែលការធ្វើបែបនេះនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ប្រជាកសិករ។ 

 


ស្ថិតក្នុងជំនួបនោះ សម្តេចមហាបវរធិបតី បានកោតសរសើរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ ជាពិសេសចំពោះសមាហរណកម្មសហគមន៍កសិកម្មស្វាយចន្ទីទំនើប និងការពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

 


សម្តេចមហាបវរធិបតី បានកត់សម្គាល់ឃើញថា សហគមន៍កសិកម្មទំនើប នៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១ពាន់តោន ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។

 


លើសពីនេះ សម្តេចមហាបវរធិបតី ក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ខណៈក្រសួងកសិកម្ម ត្រូវបង្កើតយុទ្ធសាស្ត្រ ដោយបង្កើតសហគមន៍កសិកម្មទំនើប សំដៅជួយកសិករបង្កើនប្រសិទ្ធភាពការដាំដុះ និងកាត់បន្ថយការចំណាយ។

 


ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា គាំទ្រចំពោះការបង្កើតឲ្យមានសហគមន៍កសិកម្មទំនើប ដើម្បីផលចំណេញដែលប្រជាកសិករអាចទទួលបានមានដូចជា ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ ការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានការរៀបចំផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ អាចទទួលបានកម្ចីការប្រាក់ទាប ព្រមទាំងមានទីផ្សារទទួលទិញពិតប្រាកដ។ 
 


ទន្ទឹមនឹងនេះ កម្ពុជា មានរោងចក្រកែច្នៃក្នុងស្រុកចំនួន ៥២ សហគ្រាស ដោយបានកែច្នៃគ្រាប់ស្វាយចន្ទីឆៅ នៅក្នុងមួយឆ្នាំៗបានចំនួន ៥០ពាន់តោន តែក្នុងនោះ ចំពោះទំហំនៃការការកែច្នៃជាក់ស្តែងបានចំនួនជាង ២០ពាន់តោនប៉ុណ្ណោះ ខណៈដែលសហគ្រាសមួយចំនួនជួបបញ្ហាខ្វះទុនបង្វឹល តែប្រសិនកម្ពុជាអាចកែច្នៃខ្លួនឯងបានក្នុងរង្វង់ ៨០%នៃបរិមាណសរុប នោះកម្ពុជានិងអាចទទួលបានប្រាក់ចំណេញដល់ទៅ ១២០%។


សូមជម្រាបថា ពេញមួយឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានជាង ៨៥ម៉ឺនតោន មានការកើនឡើង២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយបាននាំចេញទៅទីផ្សារអន្តរជាតិប្រមាណជាង ៨១ម៉ឺនតោន ក្នុងនោះ នាំចេញទៅទីផ្សារវៀតណាមជាង ៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់មានប្រមាណជាង ១ពាន់១រយលានដុល្លារ កើនឡើង ៣១%៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រុមការងាររាជរដ្ឋាភិបាល

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025