ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ដោយធ្លាប់ជាអតីតក្មេងរើសសំរាមម្នាក់នៅគំនរសំរាម ស្ទឹងមានជ័យផលិតករវ័យក្មេងលោក ព្រីកា បានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមទស្សនារឿង “រង់ចាំ” ដែលជាស្នាដៃផលិតរបស់ខ្លួនឱ្យបានច្រើនដើម្បីយកថវិកាពីការលក់សំបុត្រជួយដល់អង្គការកុមារកំព្រា។
លោក ព្រីកា ជាផលិតករវ័យក្មេង លូតលាស់ចេញពី គំនរសំរាម ស្ទឹងមានជ័យ ដោយបានក្លាយជាផលិតករវ័យក្មេងកំពុងមានឈ្មោះបោះសំឡេងម្នាក់ បានសម្ពោធស្នាដៃថ្មីរបស់ខ្លួនកាលពីល្ងាចម្សិលមិញនេះគឺរឿង”រង់ចាំ”។
តាមរយៈស្នាដៃថ្មីនេះ ព្រីកា បានទទូចសុំឱ្យមហាជនចូលរួមគាំទ្រឱ្យបានច្រើនដើម្បីយកថវិការពីការលក់សំបុត្ររឿង « រង់ចាំ » ជួយដល់អង្គការកុមារកំព្រាដែលកំពុងខ្វះខាត។
នៅក្នុងពិធីសម្ពោធរឿង « រង់ចាំ » កាលពីថ្ងៃទី ១៣ ខែ មករា នេះ មានការរៀបចំពិធីយ៉ាងធំដុំនៅផ្សារទំនើប K Mall ផ្លូវវេងស្រេង ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ក្នុងនោះក៏មានការរៀបចំសម្តែង និងធ្វើពិធីសូត្រមន្តអាគម អូមអាម ជូនបងប្អូនទស្សនាផងដែរ មើលទៅដូចជានៅក្នុងរឿងពិតៗ ។
« រង់ចាំ » គឺជាស្នាដៃដំបូងរបស់ អតីតក្មេងរើសសំរាម ព្រីកា ដែលបានខំស៊ូប្រឹងប្រែងសិក្សា និងយកចំណេះដឹងរបស់ខ្លួនមកបំរើនៅក្នុងវិស៍យភាពយន្ត ។ ព្រីកា បានប្រាប់ថាលោកនិងក្រុមការងារបានចំណាយពេលវេលានិពន្ធនិងផលិតរឿង « រង់ចាំ » រហូតដល់ទៅពីរឆ្នាំ ពេលនេះក្តីស្រមៃលោកបានក្លាយទៅជាការពិតហើយ ដោយរឿង « រង់ចាំ » បានផលិតឡើងបានយ៉ាងល្អ ត្រូវតាមស្តង់ដារ ដែលអាចយកទៅប្រកួតប្រជែងនៅក្រៅប្រទេសបាន ។
ជាមួយគ្នានោះផងដែរ ព្រីកា ក៏មានគម្រោងនឹងយកថវិការនៃការលក់សំបុត្ររឿង « រង់ចាំ » ជួយដល់អង្គការCCF ដែលកំពុងខ្វះខាតផងដែរ ដូចមហាជនដឹងស្រាប់ហើយពីប្រវត្តិរបស់ ព្រីកា មានមុខមាត់ដូចសព្វថ្ងៃនេះ ក៏បានលោក Scott Neeson ត្រូវជាឪពុកធម៌រើសយកពីគំនរសំរាមយកមកចិញ្ចឹម ។
« រង់ចាំ » គឺជាភាពយន្តមន្តអាគមអូមអាម ភ័យរន្ធត់ និង ព្រឺព្រួច ដែលផលិតឡើងដោយស្នាដៃ ព្រីកា ផ្ទាល់នៅក្នុងផលិតកម្ម Partner Picture និងបានចំណាយដើមទុនផលិតអស់រាប់ម៉ឺនដុល្លារ ទាំងការថត ការកាត់ត និងសម្លេង សុទ្ធតែត្រូវតាមស្តង់ដារ ។ ក្នុងចន្លោះពេលថតគឺបានជួបនូវហេតុការណ៍ចម្លែកៗជាច្រើន ។
គួរបញ្ជាក់ផងដែរថា រឿង « រង់ចាំ » ត្រៀមនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៦ ខែ មករា នេះហើយ នៅគ្រប់រោងភាពយន្ត សូម្បីតែតារាសម្តែងនៅក្នុងរឿងនេះក៏បានអំពាវនាវឱ្យទស្សនិកមកចូលរួមគាំទ្ររឿង « រង់ចាំ » ឱ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តក៏ដូចជាជួយដល់កុមារកំព្រានៅអង្គការ CCF ដែលកំពុងខ្វះខាត ពីព្រោះលោក ព្រីកា មានគម្រោងនឹងយកថវិការដែលបានពីការលក់សំបុត្រដើម្បីជួយដល់កុមារកំព្រាទាំងនោះ ។ កុំភ្លេចចូលរួមគាំទ្រស្នាដៃកូនខ្មែររូបនេះឱ្យបានច្រើន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច