ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងនាយកគ្រឹះស្ថានសិក្សា បន្តទប់ស្កាត់ និងលុបបំបាត់សកម្មភាពក្មេងទំនើង នៅតាមសាលារៀន។ ក្នុងនោះ អភិបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយនឹងនាយកសាលានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើង និងដាក់កម្លាំងឆែកឆេរ ទៅលើម៉ូតូសិស្ស ដែលមានការសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។
ការជំរុញឲ្យអាជ្ញាធរមូលដ្ឋានរាប់ចាប់ពីថ្នាក់ខណ្ឌ សង្កាត់ និងប៉ុស្ត៍នគរបាល សហការជាមួយនាយកគ្រឹះស្ថានសិក្សានៅក្នុងមូលដ្ឋានខ្លួន បន្តទប់ស្កាត់និងលុបបំបាត់សកម្មភាពក្មេងទំនើងទាំងស្រុងនៅតាមសាលារៀន របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ មករា នេះ។
ឯកឧត្តម បានបន្តថា ការបង្ក្រាបក្មេងទំនើងកន្លងមក កម្លាំងសមត្ថកិច្ច អនុវត្តបានល្អប្រសើរ ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើង ទើបជារឿងដែលល្អបំផុត ។ ដោយឡែកសម្រាប់ថ្នាក់នាំគ្រឹះស្ថានសិក្សា នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការសហការជាមួយខណ្ឌ សង្កាត់ និងប៉ុស្ត៍នគរបាល ជាបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពមួយបន្ថែមទៀត ក្នុងការចូលរួមលុបបំបាត់សកម្មភាព ក្មេងទំនើងនៅក្នុងសាលា ។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើង តាំងពីខែឧសភា មកដល់ខែធ្នូ ឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធក្មេងទំនើង ដែលបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានី/ខេត្ត មានសរុប៧២០សំណុំរឿង និងបានចាត់ការសំណុំរឿងទូទាំងប្រទេសបានចំនួន៧១៥សំណុំរឿង ស្មើនឹង៩៩.៣០% និងឃាត់ខ្លួនមនុស្ស ៣,៣០០នាក់។
សំណុំរឿងក្មេងទំនើងដែលច្រើន មាននៅក្នុងរាជធានីភ្នំពេញ, ខេត្ដកំពង់ស្ពឺ, ខេត្ដតាកែវ, ខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ខណៈដែលខេត្ដតិចជាងគេ គឺខេត្តស្ទឹងត្រែង, កែប, ប៉ៃលិន និងព្រះវិហារ៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា