ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
សម្ពន្ធភាពអង្គការ ណាតូ កំពុងចាត់វិធានការមួយហៅថា «កងការពារសមុទ្របាល់ទិក (Baltic Sentry)» ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុជាច្រើនដែលខ្សែថាមពល បណ្តាញទំនាក់ទំនង ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័នបានខូចខាត បន្ទាប់ពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
កាលពីខែមុន ប៉ូលិសប្រទេស ហ្វាំងឡង់ បានរឹបអូសនាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងដោយពួកគេបានសង្ស័យថា នាវានេះបានធ្វើឱ្យខូចខ្សែថាមពលខាងកើតទីពីរសម្រាប់ប្រទេសហ្វាំងឡង់-អេស្តូនី និងខ្សែទូរគមនាគមន៍ចំនួនបួនដោយការអូសយុថ្កាឆ្លងកាត់ហេដ្ឋារចនាសម្ពន្ធទាំងនេះ។
អគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូត (Mark Rutte) បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំប្រទេសចំនួន៨នៅទីក្រុងហែលស៊ីនគី (Helsinki) ប្រទេសហ្វាំងឡង់ថា សកម្មភាពរបស់ហ្វាំងឡង់ប្រឆាំងនឹងនាវាដឹកប្រេងអ៊ីហ្គល់អេស (Eagle S) របស់រុស្ស៊ីនេះបានបង្ហាញថា នាវាដែលបង្កគ្រោះថ្នាក់អាចត្រូវបានចាប់ខ្លួនដោយការអនុវត្តច្បាប់។ លោក រូត បានបន្ថែមថា ការគំរាមកំហែងដល់ហេដ្ឋារចនាសម្ពន្ធរបស់ណាតូនឹងមានផលវិបាកមួយចំនួនរួមទាំងការរឹបអូស និងការចាប់ខ្លួនផងដែរ។ អធិការបតីរបស់អាល្លឺម៉ង់លោក អូឡាហ្វ សូល បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះដែរថា សមាជិកណាតូកំពុងសម្លឹងមើលការផ្តោតទៅលើកងនាវាស្រមោលរបស់រុស្ស៊ីនៅក្នុងតំបន់ និងដាក់ទណ្ឌកម្មលើពួកគេដែលជាផ្នែកមួយនៃកិច្ចខិតខំដើម្បីការពារហេដ្ឋារចនាសម្ពន្ធសំខាន់ៗនៅក្រោមសមុទ្រ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន