ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

សេអ៊ូល៖យោធាកូរ៉េខាងជើងស្លាប់និងរបួសជាង៣០០០នាក់ក្នុងសង្គ្រាមអ៊ុយក្រែន

យោធាកូរ៉េខាងជើងប្រហែល៣០០នាក់ស្លាប់ និង២៧០០នាក់រងរបួស ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការឱ្យដឹងពីសមាជិកសភាកូរ៉េខាងត្បូង ឱ្យដឹងនៅថ្ងៃច័ន្ទ(១៣មករា) ដកស្រង់ប្រភពពីទីភ្នាក់ងារចារកម្មទីក្រុងសេអ៊ូល។ 
 

 

 

 

 

រដ្ឋាភិបាលទីក្រុងសេអ៊ូលនៅមុននេះបានអះអាងថា លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង បានបញ្ជូនយោធាច្រើនជាង១០,០០០នាក់ ទៅជួយយោធារុស្ស៊ីធ្វើសង្គ្រាមអ៊ុយក្រែន។ ជាការដោះដូរមកវិញ ប្រទេសរុស្ស៊ី បានផ្តល់ជំនួយបច្ចេកទេសសម្រាបកម្មវិធីអាវុធ និងផ្កាយរណបរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ 

 

កាលពីចុងសប្តាហ៍ លោក Volodymyr Zelenskyy  ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងកៀវ ចាប់បានយោធាកូរ៉េខាងជើង២នាក់ ហើយនិងបានលើកឡើងពីលទ្ធភាពនៃការដោះដូរអ្នកទោស ដែលជាការដោះដូរយោធាកូរ៉េខាងជើង និងយោធាអ៊ុយក្រែនដែលឃុំខ្លួននៅរុស្ស៊ី។ 

 

សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweunថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយទីភ្នាក់ងារចារកម្មថា ការដាក់ពង្រាយយោធាកូរ៉េខាងជើង ទៅរុស្ស៊ី ត្រូវបានរាយការណ៍ថា តួលេខយោធាស្លាប់និងរបួសលើស៣០០០នាក់។ 

 

តាមការរាយការណ៍លើបណ្តាញអនឡាញតេឡេក្រាមឱ្យដឹងថា ក្នុងចំណោមយោធាកូរ៉េខាងជើងដែលស្លាប់ មានយោធា១៧នាក់ ត្រូវយោធាអ៊ុយក្រែនសម្លាប់ ហើយយោធាផ្សេងទៀត បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង។ 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025