ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
អ្វីដែលអ្នកគាំទ្រទទូចចង់ឃើញត្រូវបានទម្លាយហើយ ដោយថ្មីៗនេះ តារារ៉េបល្បី លោក ជី ដេវីត ប្រកាសថ្ងៃរៀបការជាមួយ ទេព បូព្រឹក្ស ហើយ ធ្វើឱ្យអ្នកគាំទ្រ និងមិត្តភ័ក្តអ្នកសិល្បៈរំជួលចិត្តគ្រប់ៗគ្នា។
តារារ៉េបល្បីឈ្មោះ លោក ងួន ចាន់ដេវីត ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជី ដេវីត និងគូស្នេហ៍កាន់ឆ្នាំ ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Save the date ប្រកាសពីកាលបរិច្ឆេទនៃថ្ងៃមង្គលការរបស់អ្នកទាំងពីរ គឺនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
កម្មវិធី Save the date របស់ ជី ដេវីត និង បូព្រឹក្ស ម្ចាស់បទ «ទេវរាជ» ដ៏ល្បីល្បាញ ត្រូវបានរៀបចំឡើងយ៉ាងប្រណីតជាមួយការតុបតែងដេគ័រពណ៌សរ បង្ហាញពីភក្តីស្នេហ៍ស្មោះសរបរិសុទ្ធ អមដោយអ្នកចូលរួមជាមិត្តភ័ក្តអ្នកសិល្បៈ និងមិត្តភ័ក្តជិតស្និទ្ធជាច្រើននាក់ផងដែរ ដែលគ្រប់គ្នាបានចូលរួមធ្វើជាសាខីភាពនៃការប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍អ្នកសិល្បៈទាំងពីររូបនេះ។
តាមរយៈវីដេអូរយៈពេលជាង៣នាទី ម្ចាស់បទ «មហានគរ» រៀបរាប់ឱ្យដឹងថា ទោះបីជាពេលនេះលោក និង ទេព បូព្រឹក្ស រួមរស់ក្រោមដំបូលជាមួយគ្នាដូចប្តីប្រពន្ធស្របច្បាប់ព្រោះបានចុះអេតាស៊ីវិលហើយ និងមានកូនប្រុសម្នាក់ជាចំណងដៃនៃក្តីស្នេហា ប៉ុន្តែលោកនៅតែសម្រេចចិត្តសុំភរិយារបស់ខ្លួនរៀបការ ដោយគិតថា វាដល់ពេលវេលាស័ក្កសមដែលលោកមានទំនូលខុសត្រូវគ្រប់គ្រាន់ ក្នុងការផ្តល់អារម្មណ៍ពេញលេចមួយ និងបំពេញមុខមាត់ជូន ទេព បូព្រឹក្ស។
ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌សរបង្ហាញពីចិត្តស្មោះសររវាងគ្នានិងគ្នា ជាមួយបរិយាកាសសែនរ៉ូមែនទិកនៅមាត់ឆ្នេរសមុទ្របង្កើតបានជារូបភាព និងអនុស្សាវរីយ៍ដ៏ល្អគួរជាទីចងចាំស័ក្កសមពាក្យចាស់ពោលថា មួយជាតិការម្តង រហូតអនាគតកូនក្រមុំ ទេព បូព្រឹក្ស រំភើបចិត្តជាខ្លាំង និងបានពោលពាក្យផ្អែមល្ហែមលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «អូនតែងនិយាយថាមិនអីទេ មិនចង់ទេ តែតាមពិតទៅចិត្តអូនចង់ណាស់ តើលើលោកនេះមនុស្សស្រីណាមិនចង់មានថ្ងៃនេះ រយជាតិ ជាមួយគ្នាណាប្តី G-Devith»។
នេះជាអ្វីដែលហ្វេនៗ និងបណ្តាអ្នកគាំទ្រស្មោះស្ម័គ្ររបស់កំពូលតារារ៉េប ជី ដេវីត និង ទេព បូព្រឹក្ស ទន្ទឹងរង់ចាំជាយូរមកហើយ គឺថ្ងៃដែល idol ទាំងពីររូបដឹកដៃគ្នាចូលមង្គលការ ដូចនេះគ្រាន់តែឃើញ idol ទាំងពីរប្រកាសថ្ងៃរៀបការភ្លាម ហ្វេនៗ និងមិត្តភ័ក្តអ្នកសិល្បៈនាំគ្នាអបអរសាទរយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក។
គេជឿជាក់ថា ពិធីមង្គលការរបស់គូស្នេហ៍តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង ជី ដេវីត ច្បាស់ជាធំសម្បើមស័ក្កសមកិត្តិនាមរបស់អ្នកទាំងពីរ។ ម៉្យាង ដេវីត និង បូព្រឹក្ស ជាបុគ្គលសិល្បៈដែលចូលចិត្តបង្កើតព្រឹត្តិការណ៍ជាប្រវតិ្តសាស្ត្រសម្រាប់វិស័យសិល្បៈខ្មែរ ទើបគេប៉ាន់ស្មានថា មង្គលការអ្នកទាំងពីរច្បាស់ជាធំសម្បើមមិនចាញ់សិល្បករផ្សេងៗដែលរៀបការកាលពីប៉ុន្មានឆ្នាំមុននោះឡើយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក