ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ចូលឆ្នាំ២០២៥ភ្លាមកញ្ញា ដេត ស្រីនាថ ដែលមានរឿងអាស្រូវក្នុងការធ្វើពហិការមិនប្រកួត Miss Planet international 2024 នាពេលកន្លងមក បានប្រកាសពីការត្រៀមវិលត្រឡប់មកឆាកបវរកញ្ញាជាថ្មីម្តងទៀត ។
កញ្ញា ដេត ស្រីនាថ មិនខ្លាចក្នុងការលើកដៃសុំឱកាសពីមហាជនក្នុងវិលត្រឡប់មកឆាកបវរកញ្ញាជាលើកទី៣ បន្ទាប់ពីមានរឿងមិនល្អបានកើតឡើងចំពោះនាងនាពេលកន្លងមក ។
ថ្វីដ្បិតតែកញ្ញា ធ្លាប់ជាម្ចាស់មកុដធំ២មកហើយក្តី តែនាងក៏មិនដែលបានឡើងឆាកអន្តរជាតិដើម្បីប្រកួតប្រជែងដណ្តើមមកុដទាំងពីរនោះឡើយ ។ ជាក់ស្តែងសូម្បីតែឆាក Miss Planet International 2024 ដែលរៀបចំឡើងនៅក្នុងប្រទេស កម្ពុជា កាលពីថ្មីៗកន្លងមកនេះ ក៏នាងខកខានមិនបានចូលរួមប្រកួតផងដែរ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែពិបាកក្នុងការស្តារឡើងមកវិញ ។
ទោះជាយ៉ាងណាក្តីនៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៤ កន្លងមកនាងក៏បានចេញមុខសុំទោសមហាជនជាសាធារណៈនូវកំហុសមួយគ្រារបស់ខ្លួន ដោយសង្ឃឹមថាមហាជននឹងមិនប្រកាន់ខឹងចំពោះនាង ។ឈានចូលឆ្នាំ២០២៥ភ្លាម កញ្ញា ដេត ស្រីនាថ បានប្រកាស និងបង្ហាញពីចិត្តស្មោះរបស់ខ្លួនក្នុងការវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងឆាកបវរកញ្ញាជាថ្មីម្តងទៀត ។
បវរកញ្ញា បាននិយាយថា នាងមិនអាចប្តូរការគិតរបស់បងប្អូន ចំពោះបញ្ហាដែលបានកើតឡើងកន្លងមកទេ តែក្នុងឆ្នាំ២០២៥នាងបានសម្រេចចិត្តជាថ្មីចំពោះឆន្ទះរបស់ខ្លួនទៅលើវិស័យបវរកញ្ញា មិនថាក្នុងកម្មវិធី Miss ណាមួយដើម្បីចូលរួមប្រកួត ហើយនាងសន្យានឹងខិតខំបញ្ចេញអស់ពីសមត្ថភាព បន្តក្តីស្រមៃធំរបស់ខ្លួន ។កញ្ញាថែមទាំងបញ្ជាក់ថា « ខ្ញុំដូលកន្លែងណា ខ្ញុំនឹងខំប្រឹងក្រោយឈរកន្លែងនោះ ។ ខ្ញុំមិនខ្លាចក្នុងការលើកដៃ និងសុំឱកាសពីមហាជនឡើយ » ។
ជាមួយនិងការតាំងចិត្តដ៏មុតមាំនេះ កញ្ញា ដេត ស្រីនាថ នៅពុំទាន់ដឹងថា នឹងចូលរួមប្រកួតនៅក្នុងកម្មវិធីណាមួយឱ្យពិតប្រាកដទេ ដោយសារត្រូវរងចាំពេលវេលាសិន ប៉ុន្តែអ្វីដែលនាងត្រូវធ្វើនៅក្នុងពេលនេះគឺប្រឹងកសាងកេរ្តិ៍ឈ្មោះ និងបន្តធ្វើសកម្មភាពសប្បុរសធម៌ទៅតាមអ្វីដែលខ្លួនធ្លាប់ធ្វើនាពេលកន្លងមក ទោះជានាងមានឈ្មោះមិនល្អក្នុងវិស័យនេះ តែនាងនៅតែតស៊ូប្រឹងប្រែង ដើម្បីឱ្យមហាជនទុកឱកាសដ៏រូបនាង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន