ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
បន្ទាប់ពីបានរៀបមង្គលការបែបប្រពៃណីនិងលក្ខណៈគ្រួសាររួចរាល់កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ ថ្មីៗនេះតារាសម្ដែងជួរមុខថៃ James Jirayu ក៏បានរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍ធំមួយទៀតដោយមានការចូលរួមពីមិត្តរួមអាជីពជាច្រើន។
ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់តារាសម្ដែងប្រុស James Jirayu និងកូនក្រមុំក្រៅសិល្បៈ Foam Benjamas ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្រោមវត្តមានក្រុមគ្រួសារ មិត្តភ័ក្ដិ និងមិត្តរួមអាជីពជាច្រើននៅឯស្រុកសួនភឹង ខេត្តរ៉ាតបុរី (Ratchburi) ជាទីកន្លែងតែមួយដែល James Jirayu បានសុំមិត្តស្រីរបស់ខ្លួនរៀបការកាលពីឆ្នាំមុន។
អមដោយទេសភាពភ្នំ វាលស្មៅ និងហ្វូងចៀម បរិយាកាសនៃពិធីជប់លៀងមង្គលការលើកនេះពិតជាមានភាពរ៉ូមែនទិកខ្លាំង។ តារាល្បីៗដែលបានចូលរួមក្នុងកម្មវិធីនេះមានដូចជា ម៉ារីអូ ម៉ោរើ, ក្រេត វ៉ារីនថន, ប៊យ ប៉ាកន, ទើយ ចារីនផន, អេន ថងប្រាស៊ុម, អាឡិច ធីរ៉ាដេត និងបូ មេឡាដា ជាដើម។
តាមរយៈវីដេអូឃ្លីបដែលទើបតែបង្ហោះឡើងលើឆានែលយូធូប Jirayu Tangsrisuk (ជីរ៉ាយុ តាំងស៊ីស៊ុក) នៅថ្ងៃទី១៤ ខែមករានេះ បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពដ៏រីករាយ ពោរពេញដោយស្នាមញញឹម និងទឹកភ្នែកនៃក្ដីរំភើបទាំងកូនកំលោះកូនក្រមុំ និងភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធី។
ក្នុងនោះដែរ James Jirayu ក៏បាននិយាយរឿងក្នុងចិត្តថា រឿងដែលធ្វើឱ្យរូបលោកខូចចិត្តបំផុតនៅក្នុងទំនាក់ទំនងជាមួយ Foam គឺដោយសារអាជីពរបស់លោក បានធ្វើឱ្យ Foam ត្រូវរងភាពឈឺចាប់ជាច្រើន ហើយលោកសង្ឃឹមថាភាពឈឺចាប់ទាំងនោះនឹងអាចរលាយបាត់តាមពេលវេលា។
ចំណែកកូនក្រមុំ Foam ក៏បានសរសើរថា James គឺជាបុរសធម្មតាដែលអាចមើលថែនាងបានល្អបំផុត។ នាងមិនធ្លាប់រំពឹងថានឹងមានពិធីមង្គលការកើតឡើងនោះទេ ប៉ុន្តែទីបំផុតថ្ងៃនេះវាក៏កើតឡើងដោយមានមនុស្សជាទីស្រលាញ់គ្រប់គ្នាចូលរួមអបអរសាទរ។
គួរបញ្ជាក់ថា ចំណងស្នេហារយៈពេល ១០ឆ្នាំកន្លងមករបស់អ្នកទាំងពីរត្រូវឆ្លងកាត់ឧបសគ្គផ្សេងៗជាច្រើន ដោយ Foam ធ្លាប់ទទួលបានមតិវាយប្រហារច្រើន និងត្រូវគេគាស់កកាយរឿងរ៉ាវផ្សេងៗរបស់ខ្លួន រហូតដល់នាងត្រូវបិទគណនីបណ្ដាញសង្គមទាំងអ៊ិនស្តាក្រាមនិងហ្វេសប៊ុក ៕
ប្រែសម្រួល៖ វ៉ាន់ថន