ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

ខេត្តមួយនៅចុងភាគខាងជើងប្រទេសចិនចាប់ផ្ដើមរដូវនេសាទត្រីនៅក្រោមទឹកកកដ៏សប្បាយរីករាយ

១៣ មករា ២០២៥ | កម្សាន្ដ

ខេត្តមួយស្ថិតនៅចុងភាគខាងជើងនៃប្រទេសចិនបានធ្វើពិធីប្រចាំឆ្នាំដ៏សប្បាយរីករាយមួយគឺពិធីនេសាទត្រីនៅក្រោមទឹកកកដ៏សែនត្រជាក់កាលពីចុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

 


តាមធម្មតាឱ្យតែរដូវត្រជាក់បានចូលមកដល់ម្ដងៗ បឹងបួរមួយចំនួនស្ថិតនៅតំបន់ចុងភាគខាងជើងនៃប្រទេសចិនតែងតែកករឹងនៅផ្នែកខាងលើនៃផ្ទៃទឹកបឹងធំៗទាំងនោះ ហើយគេបានឃើញប្រជានេសាទមូលដ្ឋានបានធ្វើពិធីនេសាទត្រីនៅក្រោមទឹកកកយ៉ាងសប្បាយផងដែរ។

 


ជាក់ស្ដែង កាលពីចុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ គេបានឃើញប្រជានេសាទមួយចំនួនបានប្រមូលផ្ដុំគ្នានៅលើផ្ទៃបឹងដ៏ធំល្វឹងល្វើយមួយដែលបានកករឹងនៅក្នុងខេត្តហេឡុងជាំង (Heilongjiang) នៅភាគឦសាននៃប្រទេសចិនដោយពួកគេបានចុះទម្លុះទឹកកកចុះទៅខាងក្រោមដើម្បីចាប់ត្រីនៅទីនោះ។

 


រូបភាពបានបង្ហាញអំពីត្រីរាប់ពាន់ក្បាលត្រូវបានគេចាប់អូសចេញពីក្រោមទឹកកកដោយប្រើឧបករណ៍នេសាទដ៏សែនវែងមួយ ហើយពលរដ្ឋខ្លះបានចាប់ត្រីធំៗលើកបង្ហាញឡើងលើ និងមានពិធីដាក់តាំងបង្ហាញត្រីភ្ជាប់នឹងក្រដាសក្រហមអមដោយពាក្យពេជន៍ជាភាសាជាតិផងដែរ។

 


សូមបញ្ជាក់ថា ពិធីនេសាទត្រីរដូវត្រជាក់នេះត្រូវបានធ្វើក្នុងពេលប្រមូលផលត្រីជាលើកដំបូងនៅលើផ្ទៃបឹងទឹកកកលៀនហ៊ាន់ (Lianhuan) នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលីដូបុត (Dorbod) នៅខេត្តហេឡុងជាំង ហើយមានសេចក្តីរាយការណ៍ថា សំណាញ់ដំបូងនៃការប្រមូលផលត្រីនេះចាប់បានត្រីដែលមានទម្ងន់សរុបប្រហែល១៧៥.០០០គីឡូក្រាម៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025