ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ក្រុមអ្នកស្រាវជ្រាវចិនថ្មីៗនេះបានបង្ហាញអំពីការស្ថាបនាឡើងវិញនូវផ្ទៃមុខនៃហ្វូស៊ីលលលាដ៍ក្បាលយុនសៀនម៉េន (Yunxian Man) ដែលជាការខិតខំផ្នែកវិទ្យាសាស្ត្រលើកដំបូងរបស់ពិភពលោកក្នុងការបង្កើតរូបរាងរបស់បុព្វបុរសមនុស្សដែលមានអាយុកាលជាងមួយលានឆ្នាំមកហើយ។
គម្រោងបំពេញផ្ទៃមុខនៅលើហ្វូស៊ីលលលាដ៍ក្បាលនេះបានចំណាយពេលជិតប្រាំបីឆ្នាំ ហើយវាគឺជាកិច្ចសហប្រតិបត្តិការមួយដែលមានការចូលរួមពីស្ថាប័នជាច្រើនរួមមានសារមន្ទីរខេត្តហ៊ូប៉េ (Hubei) សាកលវិទ្យាល័យសានស៊ី (Shanxi) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនផងដែរ។
ម៉ាស៊ីនស្កេនឧស្សាហកម្មដែលមានគុណភាពខ្ពស់បានដើរតួនាទីសំខាន់ក្នុងការបំពេញផ្ទៃមុខហ្វូស៊ីលលលាដ៍ក្បាល Yunxian Man លេខ១ និងលេខ២ដោយក្រុមអ្នកស្រាវជ្រាវបានប្រើម៉ាស៊ីននេះដើម្បីរចនាឡើងវិញនូវភ្នែក ច្រមុះ មាត់ ច្រចៀក ស្បែក និងសក់នៅលើឆ្អឹងហ្វូស៊ីលទាំងពីរនេះ។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា តាមរយៈលទ្ធផលនៃការបង្កើតហ្វូស៊ីលនេះ វាបានបង្ហាញថា លលាដ៍ក្បាលលេខ១គឺជាមនុស្សស្រី ហើយលលាដ៍ក្បាលលេខ២គឺជាមនុស្សប្រុស ដែលមានអាយុចន្លោះពី២៥ ទៅ៤៥ឆ្នាំដែលបានរស់នៅប្រហែលមួយលានឆ្នាំមុន។
សូមរំលឹកថា ក្រុមអ្នកបុរាណវិទ្យាបានរកឃើញហ្វូស៊ីលលលាដ៍ក្បាលមនុស្សបុរាណចំនួន៣នៅក្នុងឆ្នាំផ្សេងៗគ្នាដោយមួយរកឃើញនៅឆ្នាំ១៩៨៩ មួយនៅឆ្នាំ១៩៩០ និងមួយទៀតនៅឆ្នាំ២០២២នៅក្នុងស្រុកយុនយ៉ាង (Yunyang) នៅទីក្រុងស៊ីយ៉ាន (Shiyan) ខេត្តហ៊ូប៉េដែលក្រោយមកត្រូវបានគេដាក់ឈ្មោះថាយុនសៀនម៉េន។
ឆ្អឹងហ្វូស៊ីលទាំងនេះបានផ្ដល់ភស្តុតាងដ៏សំខាន់សម្រាប់ការសិក្សាអំពីការវិវឌ្ឍរបស់មនុស្សអម្បូរហូម៉ូនៅតំបន់អាស៊ីអាគ្នេយ៍ និងផ្ដល់ពន្លឺក្នុងការស្រាវជ្រាវអំពីដើមកំណើតមនុស្សនៅក្នុងតំបន់នេះផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន