ថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២៥
ទឹកបឹងបៃសា (Baisha) នៅខេត្តស៊ីនជាំងប្រទេសចិនបានកករឹងរំលេចដោយពណ៌ផ្ទៃមេឃបង្កប់ដោយក្រឡាចក្រត្រង់បង្កើតជាទេសភាពដ៏សែនស្រស់ស្អាតខ្លាំងណាស់។
បឹង Baisha នៅក្នុងស្រុកអាក់តូ (Akto County) ស្ថិតនៅក្នុងតំបន់ស្វយ័តអ៊ុយហ្គឺស៊ីនជាំង (Xinjiang Uygur) នៅប្រទេសចិនបានផ្តល់នូវទិដ្ឋភាពគួរឱ្យភ្ញាក់ផ្អើលដែលមានរាងជាផ្ទាំងទឹកកក និងដីខ្សាច់ដ៏មើលដាច់កន្ទុយភ្នែកនៅពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅក្នុងរដូវរងាឆ្នាំនេះ។
ប្រសិនបើគេក្រឡេកមើលពីលើលំហអាកាស គេបានឃើញផ្នែកម្ខាងនៃបឹងបៃសានេះត្រូវបានគ្របដណ្ដប់ដោយស្រទាប់ទឹកកកពណ៌ផ្ទៃមេឃបង្កប់ដោយស្នាមប្រេះជាក្រឡាចក្រត្រង់ជាប់គ្នាដាច់កន្ទុយភ្នែក។
ចំណែកនៅផ្នែកម្ខាងទៀតនៃបឹងនេះ គេបានឃើញដីខ្សាច់ពណ៌សល្អិតឆ្មេរលាតសន្ធឹងយ៉ាងឆ្ងាយដោយបង្កើតជាវាលខ្សាច់ដែលបញ្ចេញពន្លឺចែងចាំងព្រាកៗបន្តបន្ទាប់គ្នាបង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងគួរជាទីគយគន់បំផុត។
សមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយនៅជុំវិញបឹងបៃសានេះធ្លាប់ជាផ្នែកមួយនៃភ្នំខ្សាច់ដ៏ខ្ពស់មួយកាលពីមុនមក ប៉ុន្តែក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ភ្នំខ្សាច់នេះក៏បានសឹករិចរឹលដោយសារកម្លាំងខ្យល់បក់បោកបន្តិចម្ដងរហូតក្លាយជាវាលខ្សាច់បែបនេះបង្កើតជាអច្ឆរិយៈធម្មជាតិតែមួយគត់រួមផ្សំជាមួយនឹងទឹកបឹងដ៏ស្រស់ស្អាតនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន