ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

នៅទីក្រុងស៊ាងហៃបានរៀបចំពិធីតាំងចង្កៀងគោមអគ្គិសនីភ្លឺចែងចាំងពាសពេញផ្ទៃមេឃនាពេលរាត្រី

១៣ មករា ២០២៥ | កម្សាន្ដ

ពិធីបុណ្យចង្កៀងគោមឧទ្យានយូយាន់ (Yuyuan) ប្រចាំឆ្នាំត្រូវបានធ្វើនៅទីក្រុងស៊ាងហៃប្រទេសចិននៅមុនថ្ងៃចូលឆ្នាំថ្មីឆ្នាំសកលដើម្បីត្រៀមស្វាគមន៍ឆ្នាំម្សាញ់ដែលនឹងចូលមកដល់ក្នុងខែមករានេះ។

 

 

 


ព្រឹត្តិការណ៍នៅឧទ្យានយូយាន់ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់នៅក្នុងទីក្រុងស៊ាងហៃនេះមានការដាក់តាំងចង្កៀងគោមចម្រុះពណ៌អមដោយការតុបតែងលម្អជារូបសត្វផ្សេងៗ ព្រៃឈើ និងភ្នំ ហើយការដាក់តាំងចង្កៀងនេះមានគោលបំណងបង្ហាញនូវទិដ្ឋភាពដ៏រស់រវើក និងស៊ីចង្វាក់គ្នាផងដែរ។

 

 

 


ដោយមិនខុសពីឆ្នាំមុនៗ ការតាំងបង្ហាញចង្កៀងគោមនៅឆ្នាំនេះត្រូវបានបំផុសគំនិតដោយរឿងទេវកថាសានហៃជីង (Shan Hai Jing) ដែលមានន័យថា «ការសិក្សាអំពីភ្នំនិងសមុទ្រ (The Classic of Mountains and Seas)» ដែលរឿងទេវកថាដ៏សំខាន់របស់ចិនមានអាយុកាលជាង២ពាន់ឆ្នាំមកហើយ។ដោយបានចាប់ផ្ដើមដំណើរការលើកដំបូងនៅឆ្នាំ១៩៩៥ ពិធីបុណ្យចង្កៀងគោមនេះបានក្លាយជាការប្រារព្ធពិធីបុណ្យនិទាឃរដូវបែបវប្បធម៌ដ៏សំខាន់មួយ។

 

 

 

 

ដើម្បីប្រារព្ធខួបលើកទី៣០នៃព្រឹត្តិការណ៍នេះ ការតាំងពិពណ៌ដ៏ពិសេសមួយស្តីពីសិល្បៈចង្កៀងរបស់ចិននឹងបើកដំណើរការជាមួយនឹងពិធីបុណ្យនៅសាលស៊ីយីងហល់ (Shiying Hall) នៅជាន់ទី៣ នៃអគារហួប៉ាវ (Huabao) នៅផ្សារទំនើបយូយាន់។ 

 

 

 


ការតាំងពិព័រណ៍ចង្កៀងគោមចម្រុះពណ៌នេះគឺជាប្រភេទដំបូងគេនៅក្នុងទីក្រុងស៊ាងហៃ ហើយនឹងបង្ហាញយ៉ាងទូលំទូលាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ប្រជាប្រិយ សិល្បៈហត្ថកម្ម និងភាពទាក់ទាញពិសេសនៃចង្កៀងគោមរបស់ចិន។

 

 

 

 

បន្ថែមពីលើបរិយាកាសនៃពិធីបុណ្យស្វាគមន៍ឆ្នាំថ្មីខាងមុខនេះ ចង្កៀងគោមខ្នាតយក្សចំនួនជាង១ពាន់មកពីទីក្រុងហ្ស៊ីគ័ង (Zigong) ត្រូវបានដាក់តាំងបង្ហាញនៅក្នុងឧទ្យានវ៉េនយូហេ (Wenyuhe) នៅទីក្រុងប៉េកាំងដោយបានបំភ្លឺពេញផ្ទៃមេឃនាពេលរាត្រីនៅក្នុងទីក្រុងនេះផងដែរ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025