ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
ក្រុមហ៊ុន Netflix ថ្មីៗនេះបានចេញផ្សាយឈុតខ្លីៗដំបូងសម្រាប់ភាពយន្តភាគ "Squid Game" រដូវកាលទី ៣ ព្រមជាមួយការណែនាំតួអង្គតុក្កតាពិឃាតថ្មីជាតុក្កតាប្រុស។
ឈុតខ្លីៗដំបូងសម្រាប់ភាពយន្ត “Squid Game” បានណែនាំតួអង្គតុក្កតាពិឃាតថ្មីសម្រាប់ល្បែង “Red Light, Green Light” ដែលបន្ទាប់ពីរដូវកាលមុនៗគឺជាតុក្កតាស្រីស្លៀករ៉ូបពណ៌ទឹកក្រូច តែក្នុងរដូវកាលថ្មីនេះនឹងជាតុក្កតាប្រុសវិញម្ដង។
ភាពយន្តភាគ “Squid Game” មានសាច់រឿងនិយាយពីការប្រកួតលេងល្បែងដាក់ជីវិតស្វែងរកអ្នកឈ្នះតែម្នាក់គត់ដើម្បីទទួលរង្វាន់ប្រាក់លាន ខណៈអ្នកចូលរួមប្រកួតសុទ្ធសឹងជាអ្នកមានបញ្ហាហិរញ្ញវត្ថុវ័ណ្ឌក។
យោងតាមសារព័ត៌មាន Variety "Squid Game" រដូវកាលទី ២ បានទទួលការចូលទស្សនារហូតដល់ ៦៨ លានដងក្នុងរយៈពេល ៤ ថ្ងៃដំបូងនៃការចេញផ្សាយ និងបានបំបែកកំណត់ត្រាក្លាយជារឿងភាគទូរទស្សន៍ដែលមានការចូលទស្សនាថ្ងៃដំបូងច្រើនបំផុតរបស់ Netflix។
រដូវកាលទី១នៃភាពយន្តនេះក៏បានក្លាយជារឿងភាគដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ដែរកាលពីឆ្នាំ ២០២១ និងបានធ្វើឱ្យអ្នកដឹកនាំ និងអ្នកនិពន្ធរឿងនេះគឺលោក Hwang Dong-hyuk និងតួឯកប្រុស Lee Jung-jae បានក្លាយជាសិល្បករអាស៊ីដំបូងដែលបានឈ្នះពានរង្វាន់អាមេរិក Emmy Award។ គួរបញ្ជាក់ថា ភាពយន្តភាគ “Squid Game” គ្រោងនឹងចេញផ្សាយនៅឆ្នាំ២០២៥នេះ ប៉ុន្តែមិនទាន់បញ្ជាក់ថ្ងៃខែជាក់លាក់នៅឡើយទេ៕
ប្រែសម្រួល៖ វ៉ាន់ថន