ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
វត្ថុអនុស្សាវរីយ៍ផ្នែកកីឡាពិសេសៗមួយចំនួនរួមទាំងសក់មួយដុំរបស់និមិត្តរូបបាល់ទាត់អាហ្សង់ទីនមួយរូបគឺលោក ឌីហ្គោ ម៉ារ៉ាដូណា (Diego Maradona) ត្រូវដាក់លក់ដេញថ្លៃនៅហាងមួយនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
ហាងអាហ្គូត (Aguttes) នៅក្នុងទីក្រុងប៉ារីសបានដាក់លក់ដេញថ្លៃវត្ថុអនុស្សាវរីយ៍ផ្នែកកីឡាបាល់ទាត់សរុបជាង២១៥មុខដែលជាការដេញថ្លៃផ្នែកកីឡាជាលើកដំបូងសម្រាប់ហាងដ៏មានកិត្យានុភាពមួយ។
ប៉ុន្តែអ្វីដែលគួរឱ្យប្លែកនោះគឺថាសូម្បីតែសក់មួយដុំប្រវែង៣-៤សង់ទីម៉ែត្ររបស់និមិត្តរូបបាល់ទាត់ជនជាតិអាហ្សង់ទីនគឺលោក ម៉ារ៉ាដូណា ក៏ត្រូវបានដាក់លក់ដេញថ្លៃផងដែរ។
អ្នកជំនាញខាងកីឡានៅហាងអាហ្គូតគឺលោក ហ្វ្រង់ស្វ័រ ធៀរី (François Thierry) បាននិយាយថា សក់មួយដុំនេះត្រូវបានសន្សំទុកដោយលោក ស្ទេហ្វេណូ សេស៊ី (Stefano Ceci) ជាអ្នកធ្វើបទបង្ហាញអំពីវត្ថុអនុស្សារីយ៍ទាំងនេះ និងជាមិត្តជិតស្និទ្ធរបស់លោក ម៉ារ៉ាដូណា នៅពេលគាត់បានរស់នៅជាមួយគ្នា រយៈពេល២០ឆ្នាំ។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា សក់មួយដុំនេះត្រូវបានគេប៉ាន់ប្រមាណថាអាចយកបានក្នុងតម្លៃចន្លោះពី៣៥០០០ ទៅ៥ម៉ឺនអឺរ៉ូប្រហែលជាង៥ម៉ឺនដុល្លារ ពោលគឺមានន័យថា សក់មួយសសៃអាចមានតម្លៃ៥០០អឺរ៉ូប្រហែលជាង៥០០ដុល្លារ។
ក្រៅពីសក់មួយដុំនេះហើយ ក៏នៅមានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតបានដាក់លក់ដេញថ្លៃរួមទាំងអាវកីឡាដែលមានហត្ថលេខារបស់តារាបាល់ទាត់ព័រទុយហ្គាល់គឺកីឡាករ គ្រីស្ទីណូ រ៉ូណាល់ដូ និង ហត្ថលេខារបស់កីឡាករ ម៉ារ៉ាដូណា ដែលអាចមានតម្លៃចន្លោះពី៤ម៉ឺនអឺរ៉ូ ទៅ៨ម៉ឺនអឺរ៉ូផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន