ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញ នៅក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៤ សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជាង ៩ពាន់ ៣រយលានដុល្លារអាមេរិក កើនឡើង ១១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញ នៅក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៤ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ៩ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១% ធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយកម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ២៤៤លានដុល្លារអាមេរិក កើនឡើងជិត ១០% និងមានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៨ពាន់ ៨រយលានដុល្លារអាមេរិក។
ជាក់ស្តែង ប្រទេសកម្ពុជា នាំចេញផលិតផលទៅកាន់ សហរដ្ឋអាមេរិក ភាគច្រើនគឺជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្ម និងបាននាំចូលពី សហរដ្ឋអាមេរិក មកវិញ មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។
បើតាមរបាយការណ៍ចុងក្រោយបំផុតពី ក្រសួងពាណិជ្ជកម្ម៖ អំឡុងពេល ១១ខែនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ៥០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២៤ពាន់លានដុល្លារ កើនឡើង ១៤% និងការនាំចូលមានទំហំជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៧%។
មុខទំនិញសំខាន់ៗ កម្ពុជា នាំចេញ រួមមាន សម្លៀកបំពាក់ជិត ៩ពាន់លានដុល្លារ ស្ថិតនៅលើកំពូលតារាង កើនឡើង ២៥%, សម្ភារធ្វើដំណើរ នាំចេញជាង ១,៧ពាន់លានដុល្លារ, ស្បែកជើង ១,៥ពាន់លានដុល្លារ និងស្រូវ ១,៥ពាន់លានដុល្លារអាមេរិក។
ដោយឡែក មុខទំនិញនាំចូលសំខាន់ៗ រួមមាន វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិក សម្ភារសំណង់ ប្រេងម៉ាស៊ូត និងរថយន្តជាដើម។សូមជម្រាបថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ