ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥

រដ្ឋ និងវិស័យឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យសំណង់ និងអចលនទ្រព្យ

០៧ មករា ២០២៥ | សេដ្ឋកិច្ច

 

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចពិភាក្សារវាង ភាគីរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចពិភាក្សារវាង ភាគីរដ្ឋ និងវិស័យឯកជន ដោយមានវត្តមានអញ្ជើញចូលរួម លោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, អ្នកឧកញ៉ាសមាជិក និងភាគីពាក់ព័ន្ធជាច្រើនទៀត តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាព ក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។

 

 


លើសពីនេះ កិច្ចពិភាក្សានេះ ក៏មានការពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅ។

 


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដែរថា អង្គប្រជុំក៏បានពិភាក្សាលើការស្វែងរកលទ្ធភាពក្នុងការផ្ទេរអតិថិជនទាំងនោះទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាទូទៅផ្តល់ជូនឥណទានដែលមានអត្រាការប្រាក់ទាបជាង និងមានការវាយតម្លៃលទ្ធភាពសងត្រលប់បានល្អប្រសើរជាង។

 


កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានទទួលដើមទុនមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគេ ហើយក៏នឹងជួយអតិថិជនឱ្យទទួលបានឥណទានទិញផ្ទះពីគ្រឹះស្ថានធនាគារ ដែលមានការប្រាក់ទាបជាង និងមានរយៈពេលសងត្រលប់យូរជាងរហូតដល់ទៅ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។

 


ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួននាពេលកន្លងមក ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះដល់អតិថិជនទទួលឥណទាន ដែលរួមមានដូចជាការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ការពន្យាររយៈពេលសងត្រលប់ និងការសម្រួលក្នុងការផ្តល់ឥណទានការប្រាក់ទាបសម្រាប់អ្នកទិញផ្ទះលើកដំបូងជាដើម។

 


ជាចុងក្រោយ លោកជំទាវទេសាភិបាលបានលើកឡើងថានឹងបន្តផ្តល់កិច្ចសម្របសម្រួលនានាបន្ថែមទៀត ស្របតាមភាពចាំបាច់ជាក់ស្តែង និងបានជំរុញឱ្យអង្គប្រជុំលើកឡើងពីកត្តាប្រឈមជាក់ស្តែង ដើម្បីកំណត់បញ្ហាបានត្រឹមត្រូវផងដែរ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025