ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះបញ្ជីក្រុមហ៊ុនថ្មីប្រមាណជិត ១ម៉ឺនក្រុមហ៊ុន ដែលតួលេខនេះធ្លាក់ចុះប្រមាណ ១៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះបញ្ជីក្រុមហ៊ុនថ្មីប្រមាណជិត ១ម៉ឺនក្រុមហ៊ុន ដែលតួលេខនេះធ្លាក់ចុះប្រមាណ ១៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណ ១ម៉ឺន ១ពាន់ក្រុមហ៊ុន។
ក្នុងចំណោមក្រុមហ៊ុនថ្មីចុះបញ្ជីនេះ រួមមាន ក្រុមហ៊ុនមូលធនចំនួនជាង ៤ពាន់ក្រុមហ៊ុន កើនឡើង ៨%, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦%, សហគ្រាសឯកបុគ្គលចំនួនជាង ៤ពាន់ក្រុមហ៊ុន ថយចុះ ៣២% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។
ក្រៅពីការចុះបញ្ជីក្រុមហ៊ុនថ្មី អំឡុងពេល ១១ខែនេះ ក្រសួងពាណិជ្ជកម្ម ក៏បានលុបឈ្មោះក្រុមហ៊ុនចំនួន ១ពាន់ ២រយក្រុមហ៊ុនផង ចេញពីបញ្ជីពាណិជ្ជកម្មផងដែរ។
គួរជម្រាបផងដែរថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជិត ៦០ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យជាដើម ដែលស្មើនឹង១១២% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈក្រសួងពាណិជ្ជកម្ម បានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង ៨៦% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ