ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មឆ្លងព្រំដែន និងអន្តរជាតិរបស់ប្រទេសថៃ ក្នុងរយៈពេល ១១ខែដើមឆ្នាំ ២០២៤នេះ សរុបមានទំហំជាង ៤៨ពាន់លានដុល្លារអាមេរិក កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបញ្ជាក់ថា ការនាំចេញ មានចំនួនសរុប ២៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៦% ខណៈដែលការនាំចូលកើនឡើង ៥% ឈានដល់ ២០ពាន់លានដុល្លារ ដែលផ្តល់ឱ្យប្រទេសថៃនូវ អតិរេកពាណិជ្ជកម្មចំនួន ៧ពាន់លានដុល្លារ។
នៅក្នុងខែវិច្ឆិកា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃ ដែលមានប្រទេសជិតខាងចំនួន ៤ មានចំនួន ២ពាន់ ៣រយលានដុល្លារអាមេរិក កើនឡើង ៤% ដោយប្រទេសម៉ាឡេស៊ី ជាដៃគូតម្លៃពាណិជ្ជកម្មខ្ពស់ជាងគេ បន្ទាប់មកគឺប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។
ប្រទេសថៃ មានគោលបំណងជម្រុញដល់ តម្លៃជំនួញពាណិជ្ជកម្មឆ្លងព្រំដែន ឈានដល់ ៥៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៧ ដោយមានកំណើនប្រចាំឆ្នាំជាមធ្យម ៣%។សូមជម្រាបដែរថា នៅឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មថៃ គ្រោងនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មចំនួន ៦នៅតំបន់សេដ្ឋកិច្ចពិសេស និងខេត្តជាប់ព្រំដែនក្នុងតំបន់ចំនួន ៤ ហើយក៏ចង់ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសជិតខាងអំពី លទ្ធភាពនៃការបើកប៉ុស្តិ៍ត្រួតពិនិត្យថ្មី ដែលមានទីតាំងក្បែរប៉ុស្តិ៍ត្រួតពិនិត្យបច្ចុប្បន្នរបស់ប្រទេសថៃ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ