ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យសហព័ន្ធដំឡូងមីកម្ពុជា ពង្រឹងការកែច្នៃដំឡូងមីក្រៀម ដើម្បីនាំចេញ។លោកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា នាឱកាសចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធ ត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។ បន្ថែមពីលើនេះ ក្រសួងកសិកម្ម បាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា ដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ។ ក្នុងនោះ សហព័ន្ធដំឡូងមីកម្ពុជា ត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ ដើម្បីប្រែក្លាយកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ដោយគោលនយោបាយជាតិនេះ មានគោលដៅសំខាន់ចំនួន៣ គឺទី១- ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២- ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមី ឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងគោលដៅ ទី៣- ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។
សូមជម្រាបថា ដំឡូងមី គឺជាកសិផលសំខាន់មួយ ក្នុងចំណោមដំណាំ ស្រូវ គ្រាប់ស្វាយចន្ទី ពោត មៀនប៉ៃលិន និងម្រេច ដែលបានចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៥ ខែឆ្នាំ២០២៤ កម្ពុជា បាននាំចេញចំណិតដំឡូងមីក្រៀម ចំនួន ៨សែន៤ពាន់តោន ដំឡូមីស្រស់ ១លាន៥សែនតោន ម្សៅដំឡូងមី ៣ម៉ឺនតោន និងកាកសំណល់ដំឡូងមី ២ម៉ឺនតោន៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ