ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

អាមេរិកព្រមានថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនកាន់តែខ្លាំង

 

 

 

ប្រទេសរុស្ស៊ីបានបង្កើនទំនាក់ទំនងការទូត និងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើងចាប់តាំងពីទីក្រុងម៉ូស្គូចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី ដូរ៉ូធី ខាមីល ស៊ី (Dorothy Camille Shea) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិកាលពីថ្ងៃពុធថា កងទ័ពកូរ៉េខាងជើងចំនួនជាង១២០០០នាក់កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយកាលពីខែមុនពួកគេបានចាប់ផ្តើមប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែននៅតំបន់ឃើសរបស់រុស្ស៊ី។

 

 

លោកស្រី ស៊ី បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥រូបថា កូរ៉េខាងជើងកំពុងទទួលបានប្រយោជន៍យ៉ាងច្រើនពីការទទួលបាននូវឧបករណ៍យោធា បច្ចេកវិទ្យា និងបទពិសោធរបស់រុស្ស៊ីដែលធ្វើឱ្យប្រទេសនេះកាន់តែមានសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាង។ ដូច្នេះ កូរ៉េខាងជើងទំនងជានឹងចង់ប្រើបទពិសោធទាំងនេះដើម្បីលើកកម្ពស់ការលក់អាវុធ និងកិច្ចសន្យាបណ្តុះបណ្តាលយោធាជាសកល។

 

 

សូមរំលឹកថា កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាអំពីការបាញ់សាកល្បងរបស់កូរ៉េខាងជើងដោយជោគជ័យនូវកាំជ្រួចមីស៊ីលផ្លោងលឿនជាងសំឡេងរយៈចម្ងាយមធ្យមមួយគ្រាប់កាលពីថ្ងៃចន្ទ។ ឆ្លើយតបនឹងការចោទប្រកាន់របស់អាម៉េរិកនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក គីម សុង បានបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនចំពោះការធ្វើតេស្តកាំជ្រួចមីស៊ីលកាលពីថ្ងៃចន្ទព្រោះវាជាផ្នែកមួយនៃផែនការដើម្បីបង្កើនសមត្ថភាពការពារខ្លួន ហើយបានចោទសហរដ្ឋអាម៉េរិកថាបានអនុវត្តច្បាប់ស្តង់ដារពីរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025