ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ប្រទេសចិន កំពុងផ្ទុះឆ្លងមេរោគ human metapneumovirus (HMPV)ដែលស្រដៀងជំងឺផ្តាសាយធំនិងជំងឺCOVID-19 ។ ចំពេលមានការកើនឡើងការឆ្លងមេរោគផ្លូវដង្ហើមនៅក្នុងប្រទេសចិន, ក្រុមមន្ត្រី បានបញ្ជាក់ថា មានការកើនឡើងករណីជំងឺបង្កឡើងពីមេរោគhuman metapneumovirus (HMPV)ដែលជាមេរោគមួយប្រភេទមានជាទូទៅក្នុងពិភពលោក ប៉ុន្តែសាធារណៈជនមិនសូវចាប់អារម្មណ៍។
ទោះបីជាចំនួនអ្នកកើតជំងឺនេះកើតឡើងក៏ដោយ ក៏អ្នកជំនាញបានសង្កត់ធ្ងន់ថា មេរោគ HMPV បង្កហានិភ័យតិចជាងជំងឺCOVID-19 ដែលបានផ្ទុះឆ្លងរាលដាលកាលពី៥ឆ្នាំមុន។
មេរោគ HMPV ត្រូវបានកំណត់អត្តសញ្ញាណជាដំបូងនៅឆ្នាំ២០០១ ប៉ុន្តែវីរុសនេះ មានវត្តមានលើពិភពលោកនេះយ៉ាងហោចណាស់៦០ឆ្នាំមកហើយ និងមានរោគសញ្ញា ស្រដៀងទៅនឹងជំងឺផ្តាសាយ និងស្រដៀងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហើមដែរ) រួមមានក្អក ក្តៅខ្លួន តឹងច្រមុះ និងដកដង្ហើមតឹង។
សម្រាប់ជំងឺនេះជាករណីស្រាល ប៉ុន្តែបើជាករណីធ្ងន់ធ្ងរ ការឆ្លងមេរោគអាចបណ្តាលឱ្យរលាកទងសួត ឬរលាកសួត ជាពិសេសទារក មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
បច្ចុប្បន្នគ្មានវ៉ាក់ស៊ាំង ឬការព្យាបាលជាក់លាក់ណាមួយសម្រាប់មេរោគHMPVឡើយ ខណៈដែលការស្រាវជ្រាវនៅបន្តធ្វើឡើង។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន ការឆ្លងកំពុងកើនឡើងនៅក្នុងចំណោមកុមារអាយុក្រោម១៤ ឆ្នាំ ហើយស្ថិតនៅតំបន់ភាគខាងជើងប្រទេសចិន។
អាជ្ញាធរចិន បានព្រមានថា ជំងឺស្រដៀងផ្តាសាយមេរោគhuman metapneumovirus (HMPV)នឹងកើនឡើងខ្លាំងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយសារមនុស្សជួបជុំគ្នាច្រើន និងមានការធ្វើដំណើរយ៉ាងមមាញឹក។ ប៉ុន្តែ ការឆ្លងរាលដាលជាទូទៅ និងកម្រិតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ រំពឹងថា នឹងមានកម្រិតទាបជាងឆ្នាំមុន។
អង្គការសុខភាពពិភពលោក (WHO) នៅមិនទាន់បង្ហាញការព្រួយបារម្ភនៅឡើយទេ ដោយកត់សម្គាល់ថា ការកើនឡើងអ្នកកើតជំងឺនេះតិចតួចស្របគ្នាទៅនឹងអាកាសធាតុតាមរដូវធម្មតានៅអឌ្ឍគោលខាងជើង។
មន្ត្រីសុខាភិបាលចិន បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យនៅមានសមត្ថភាពគ្រប់គ្រងបាននៅឡើយសម្រាប់ការផ្ទុះឆ្លងជំងឺនេះ ហើយវិធានការបន្ទាន់នៅមិនទាន់ចាំបាច់នៅឡើយ។
ងាកមកប្រតិកម្មសាធារណៈជននៅប្រទេសចិនវិញ មានតាំងពីអ្នកបារម្ភខ្លាំងនិងអ្នកមិនទាន់ស្គាល់ពីជំងឺនេះនៅឡើយ។ ចំណែកខ្លះក៏និយាយកំប្លែងប្រើប្រាស់ម៉ាស់ការពារដែលសល់ពីជំងឺកូវីដ។
អ្នកជំនាញបានណែនាំឱ្យរក្សាអនាម័យជាមូលដ្ឋានមានដូចជាលាងដៃឱ្យបានញឹកញាប់និងជៀងវាងតំបន់មានមនុស្សច្រើនកកកុញដើម្បីជៀសវាងការឆ្លងជំងឺនេះ។
ប្រែសម្រួល៖ណាវ័ន្ត