ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

Lee Jung Jae និយាយពីតម្លៃខ្លួនបានពីការសម្ដែង Squid Game ភាគ២

០៩ មករា ២០២៥ | កម្សាន្ដ

 

តារាសម្ដែងកូរ៉េ Lee Jung Jae ថ្មីៗនេះបានចេញមុខនិយាយពីតម្លៃខ្លួនដែលលោកបានពីការសម្ដែង Squid Game ភាគ២ បន្ទាប់ពីមានព័ត៌មានលេចឮថាលោកបានទទួលប្រាក់ឈ្នួលខ្ពស់កប់ពពកពី Netflix សម្រាប់ការត្រលប់មកសម្ដែងរឿងមួយនេះ។

 


បន្ទាប់ពីមានសារព័ត៌មានកូរ៉េជាច្រើនចុះផ្សាយថា តារាសម្ដែង Lee Jung Jae ទទួលបានតម្លៃខ្លួនខ្ពស់ដល់ ១៣០០ លានវ៉ុន ឬ ៨៩ ម៉ឺនដុល្លារក្នុងមួយភាគ សម្រាប់ការសម្ដែងរឿង “Squid Game” រដូវកាលទី២ ចុងក្រោយតារាវ័យ ៥២ឆ្នាំរូបនេះក៏បានបដិសេធថាលោកមិនទទួលប្រាក់ច្រើនដល់ម្ល៉ឺងទេ។

 


តាមរយៈបទសម្ភាសជាមួយសារព័ត៌មាន Sports Kyunghyang (ស្ប៉ត ឃ្យុងយ៉ាង) កាលពីថ្ងៃទី៨ ខែមករា តារាសម្ដែង Lee Jung Jae បានបកស្រាយថា ទោះបីរឿងភាគមួយនេះជោគជ័យខ្លាំងពិតមែន ប៉ុន្តែក្រុមហ៊ុន Netflix មិនបានចំណាយលើអ្នកសម្ដែងច្រើនដល់ថ្នាក់នេះទេ ពោលពួកគេចំណាយតែលើអ្វីដែលចាំបាច់សម្រាប់ដំណើរការផលិត ហើយប្រាក់ឈ្នួលដែលលោកទទួលបានគឺសមរម្យ មិនតិចពេកហើយក៏មិនច្រើនពេកដែរ។

 


លោកបន្ថែមថាមនុស្សជាច្រើនចាប់អារម្មណ៍ពីរឿងប្រាក់ឈ្នួលតួសម្ដែង ប៉ុន្តែសម្រាប់លោក ការរក្សាទំនាក់ទំនងជាមួយ Netflix បានគឺជារឿងសំខាន់ជាង។ប្រសិនបើលោកទាមទារខ្ពស់ខ្លាំងពេក វាមិនត្រឹមតែធ្វើឱ្យខូចទំនាក់ទំនងសម្រាប់លោកនោះទេ ប៉ុន្តែវានឹងបង្កើនការលំបាកដល់ការចរចារវាងតារាសម្ដែងកូរ៉េផ្សេងទៀតក្នុងពេលអនាគត។

 


ពាក់ព័ន្ធព័ត៌មានដែលចុះផ្សាយថាលោកមានគម្រោងថតរឿងថ្មីជាមួយស្ទូឌីយោ Marvels ដែលជាអ្នកផលិតស៊េរីភាពយន្ត “Avengers” តារាសម្ដែងរូបនេះបានលើកឡើងថា លោកមិនទាន់បានដឹងរឿងនោះទេ។ លោកនឹងឆែកជាមួយទីភ្នាក់ងាររបស់លោកនៅអាមេរិកមើលសិន បើជាការពិតលោកក៏រីករាយដែរ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025