ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ទើបតែលេចមុខក្នុងភាយន្តខ្នាតធំដំបូងរបស់ខ្លួនក្នុងរឿង « ប្រម៉ាត់ត្រយ៉ូវ » ស្រាប់តែកុមារី ស្រីលាភ មានបំណងចង់ប្រលូកក្នុងវិស័យបវរកញ្ញាទាំងខ្លួននៅវ័យក្មេង ។
កុមារី ស្រីលាភ កំពុងធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ស្នាដៃរបស់នាងនៅក្នុងរឿង « ប្រម៉ាត់ត្រយ៉ូវ » របស់ផលិតកម្ម PDS ទោះបីជានៅក្មេងវ័យប៉ុន្មាននាងមានសមត្ថភាពខ្ពស់ក្នុងការសម្តែង រហូតធ្វើឱ្យនាងមានបំណងនិងវិឌ្ឍន៍ខ្លួនបន្ថែមទៅលើវិស័យបវរកញ្ញា ។
កុមារី ស្រីលាភ ក៏ជាតួអង្គសំខាន់មួយរូបផងដែរនៅក្នុងរឿង « ប្រម៉ាត់ត្រយ៉ូវ » ស្នាដៃដំបូងរបស់នាង ត្រូវបានអ្នកដឹកនាំរឿងលាន់មាត់សរសើរមិនដាច់ពីមាត់ ទោះបីជានាងនៅក្មេង ប៉ុន្តែពោរពេញដោយសមត្ថភាព ។
កុមារី រូបនេះមានឈ្មោះពិត ពិឡេ ថាវីនវីតា ប៉ុន្តែទស្សនិកជនភាគច្រើនស្គាល់នាងថា ស្រីលាភ នាងក៏ជាកូនអ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូបផងដែរ ។ កុមារី ស្រីលាភ បានប្រាប់ថា ដោយសារស្រឡាញ់ខាងវិស័យសម្តែងម្តាយរបស់នាងក៏បានជម្រុញឱ្យនាងប្រលូកក្នុងវិស័យនេះតែម្តង រហូតត្រូវបានផលិតកម្ម PDS ហៅថតរឿង « ប្រម៉ាត់ត្រយ៉ូវ » ។
ថ្វីដ្បិតតែរឿង « ប្រម៉ាត់ត្រយ៉ូវ » ជាស្នាដៃដំបូងរបស់ ស្រីលាភ ប៉ុន្តែនាងរំពឹងថា មានអ្នកចូលរួមទស្សនា និងគាំទ្ររឿងនេះច្រើនជាក់ស្តែងបន្ទាប់ពីដាក់បញ្ចាំងរឿងនេះកាលពីដើមខែមករាគឺមានអ្នកចូលទស្សនាច្រើនជាហូរហែ ។
ទោះបីជាពេលនេះស្រីលាភ ប្រលូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងមិនចោលការសិក្សាឡើយ ឆ្លៀតពេលទំនេរទើបនាងទទួលថតភាពយន្ត ។ ទៅថ្ងៃអនាគត ស្រីលាភ មានបំណងនឹងប្រលូកក្នុងវិស័យបវរកញ្ញាដូចជារៀមច្បងជំនាន់មុនដែរ ពីព្រោះនាងមានក្តីស្រមៃធំពីរគឺ តារាសម្តែង និង ខាងបវរកញ្ញា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក