ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
តារាភាពយន្តហូលីវូដជាច្រើនរូបស្ថិតក្នុងចំណោមមនុស្សរាប់សែននាក់ ដែលបង្ខំចិត្តជម្លៀសផ្ទះរបស់ខ្លួន ដើម្បីគេចពីភ្លើងឆេះព្រៃកំពុងឆាបឆេះនៅជុំវិញទីក្រុង Los Angeles។
ភ្លើងឆេះព្រៃដ៏ធំបំផុតមួយបានលេបត្របាក់ផ្ទៃដីប្រមាណ ៤៨៥៦ ហិចតានៅតំបន់ Pacific Palisades (ប៉ាស៊ីហ្វីក ប៉ាលីសេដស៍) ដែលជាតំបន់ប្រជុំទីលំនៅរបស់តារាភាពយន្ត និងតារាចម្រៀងជាច្រើន។គ្រោះមហន្តរាយនេះបានរំខានដល់ព្រឹត្តិការណ៍ហូលីវូដជាច្រើន ខណៈដែលរដូវកាលពានរង្វាន់ប្រចាំឆ្នាំកំពុងចាប់ផ្តើម។
ការផលិតកម្មវិធីទូរទស្សន៍រួមមាន "Jimmy Kimmel Live" និង "Grey's Anatomy" ត្រូវបានផ្អាកកាលពីថ្ងៃពុធ ហើយការចាក់បញ្ចាំងភាពយន្តជាច្រើនត្រូវបានបិទ ហើយអាជ្ញាធរទីក្រុង Los Angeles ក៏បានបិទផ្លូវទៅកាន់ផ្លាកសញ្ញាហូលីវូដនៅលើភ្នំដ៏ល្បីល្បាញផងដែរ ។
តារាល្បីៗដែលចូលរួមក្នុងកម្មវិធី New York Film Critics Circle Awards កាលពីថ្ងៃទី៨ ខែមករា បានសម្តែងការព្រួយបារម្ភរបស់ខ្លួនពាក់ព័ន្ធហេតុការណ៍នេះ។តួយ៉ាងតារាសម្ដែង Carol Kane (ខារ៉ូល ខេន) បាននិយាយថា ហេតុការណ៍នេះបានជះឥទ្ធិពលអាក្រក់ខ្លាំងលើបរិស្ថាន ជីវិតមនុស្សនិងសត្វ ព្រមទាំងផ្ទះសម្បែងរបស់គ្រប់គ្នា។
តារាសម្ដែង Marianne Jean-Baptiste (ម៉ារៀន សង់ប៊េបធីស) ក៏បានចែករំលែកថា ខ្លួនបានផ្ញើសារទៅកាន់គ្រួសារហើយអំពីអ្វីដែលត្រូវរក្សាទុក ក្នុងករណីមានការជម្លៀសចេញ។
គួរបញ្ជាក់ថា អគ្គីភ័យដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ មករាមួយនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ ដោយបានបំផ្លាញផ្ទះរាប់រយខ្នង ខណៈមនុស្សជាង ១ សែននាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ៕
ប្រែសម្រួល៖ វ៉ាន់ថន