ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
មេធាវីរបស់តារាសម្តែង Angelina Jolie បានឱ្យដឹងកាលពីថ្ងៃទី១ ខែមករាថា សំណុំរឿងលែងលះរវាងតារាស្រីរូបនេះនិងអតីតស្វាមី Brad Pitt បានឈានដល់ការដោះស្រាយជាស្ថាពរ ជាការបញ្ចប់ជម្លោះក្ដីក្ដាំធំបំផុតមួយក្នុងពិភពហូលីវូរយៈពេល ៨ឆ្នាំកន្លងមក។
មេធាវីរបស់តារាសម្ដែង Jolie លោក James Simon (ជេមស៍ សាយម៉ុន) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Angelina Jolie បានចុះហត្ថលេខាបញ្ចប់រឿងក្ដីនេះ និងដាក់ជូនតុលាការរួចរាល់។ ទោះយ៉ាងណា ព័ត៌មានលម្អិតផ្សេងៗទៀតមិនត្រូវបានបញ្ចេញនោះទេ។
តារាសម្ដែងស្រីមានសញ្ជាតិខ្មែរនិងអាមេរិករូបនេះ បានដាក់ពាក្យប្ដឹងលែងលះអតីតស្វាមីគឺតារាសម្ដែង Brad Pitt កាលពីខែកញ្ញា ឆ្នាំ២០១៦ រយៈពេល ២ឆ្នាំបន្ទាប់ពីបានរៀបការជាមួយគ្នា និងបានរួមរស់ជាមួយគ្នាចាប់តាំងពីឆ្នាំ២០០៥ ដោយបានលើកឡើងពីភាពខុសគ្នាមិនអាចផ្សះផ្សាបានជាមូលហេតុក្នុងបណ្ដឹងលែងលះ ហើយក្រោយមកបានទាមទារសិទ្ធិចិញ្ចឹមមើលថែកូនទាំង ៦ នាក់របស់ពួកគេម្នាក់ឯង ខណៈ Brad Pitt មានសិទ្ធិសួរសុខទុក្ខ។
បណ្ដឹងលែងលះនេះបានបង្កឱ្យមានជម្លោះដ៏ជូរចត់ ដោយអំឡុងពេលនោះ Brad Pitt ត្រូវបានស៊ើបអង្កេតពីបទប្រើអំពើហិង្សាលើកូនៗ ប៉ុន្តែក្រោយមកក៏បានរួចខ្លួនពីការចោទប្រកាន់នេះ។ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថាព្យាយាមរៀបចំការផ្សាយព័ត៌មានលាបពណ៌គ្នារៀងៗខ្លួន និងមានជម្លោះលើការបែងចែកទ្រព្យសម្បត្តិមួយចំនួនផងដែរ។
Brad Pitt និង Angelina Jolie បានជួបគ្នាដំបូងកំលុងពេលថតភាពយន្ត “Mr. & Mrs. Smith” កាលពីឆ្នាំ២០០៣ ដោយពេលនោះ Brad Pitt កំពុងមានចំណងអាពាហ៍ពិពាហ៍ជាមួយតារាសម្ដែង Jennifer Aniston។
ទោះបីមានសេចក្ដីរាយការណ៍ថាពួកគេលួចបង្កាត់ភ្លើងស្នេហ៍លួចលាក់ ប៉ុន្តែអ្នកទាំងពីរបានបដិសេធព័ត៌មាននេះជារឿយៗ រហូតដល់ឆ្នាំ២០០៥ Brad Pitt ក៏បានលែងលះ Jennifer Aniston ហើយនៅឆ្នាំ២០០៦ Angelina Jolie ក៏បានបញ្ជាក់ថានាងកំពុងមានផ្ទៃពោះកូនដំបូងជាមួយ Brad Pitt ៕
ប្រែសម្រួល៖ វ៉ាន់ថន