ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
តារាចម្រៀង Beyoncé បានផ្តល់ជូនអ្នកគាំទ្រចម្រៀង ក៏ដូចជាអ្នកគាំទ្រកីឡាជុំវិញពិភពលោកនូវការសម្តែងដ៏អស្ចារ្យក្នុងកំលុងការប្រកួតបាល់ឱបអាមេរិក NFL Christmas GameDay កាលពីពេលថ្មីៗកន្លងទៅ។
ក្នុងកម្មវិធីដែលត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន NRG ក្នុងទីក្រុង Houston រដ្ឋ Texas ដែលជាស្រុកកំណើតរបស់ខ្លួន Beyoncé មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះឡើយ ដោយនាងបាននាំយកបទចម្រៀងពីអាល់ប៊ុម COWBOY CARTER មកសម្តែងផ្ទាល់ជាលើកដំបូង។
បន្ទាប់ពីចាក់ផ្សាយវីដេអូជិះសេះសបើកក្បាលកម្មវិធីដ៏ទាក់ទាញ ការសម្ដែងផ្ទាល់ក៏បានចាប់ផ្តើមយ៉ាងរំភើប ដោយ Beyoncé បានចាប់ផ្ដើមកម្មវិធីជាមួយបទចម្រៀង YA YA ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ GRAMMY បន្តដោយបទចម្រៀងផ្សេងៗទៀតដោយមានការចូលរួមសហការពីតារាចម្រៀងកិត្តិយសដូចជា Post Malone និង Shaboozey។
ជាពិសេសកូនស្រីរបស់ Beyoncé គឺ Blue Ivy ក៏បានមកបង្ហាញក្បាច់រាំជាមួយម្ដាយរបស់ខ្លួនក្នុងកម្មវិធីនេះដែរសម្រាប់បទ Texas Hold 'Em ដោយទទួលបានសំឡេងហ៊ោគាំទ្រពីទស្សនិកជនពេញពហុកីឡដ្ឋាន។
ក្រៅពីអ្នកចម្រៀងកិត្តិយស ពេញមួយ Show របស់ Beyoncé រួមមានអ្នករាំ និងអ្នកភ្លេងជាង ៣០ នាក់ មកចូលរួមដោយស្លៀកពាក់ឈុតខូវប៊យពណ៌ស ធ្វើឱ្យអ្នកទស្សនាជាច្រើននឹកឃើញដល់ការសម្តែងដ៏ធំរបស់ Beyoncé ក្នុងកម្មវិធី Coachella កាលពីឆ្នាំ២០១៨ កន្លងទៅដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន