ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥

 Lisa ក្លាយជាសមាជិក BLACKPINK មានទ្រព្យច្រើនជាងគេក្នុងឆ្នាំ២០២៤

២៧ ធ្នូ ២០២៤ | កម្សាន្ដ

 

តារាខេប៉ុបសញ្ជាតិថៃ Lisa បានក្លាយជាសមាជិកក្រុម BLACKPINK មានទ្រព្យសម្បត្តិច្រើនជាងគេ ពោលគឺរហូតដល់ ២៥ លានដុល្លារគិតត្រឹមចុងឆ្នាំ២០២៤នេះ។

 

 

យោងតាមទិន្ន័យពីគេហទំព័រ Celebrity Net Worth និងទិន្នន័យសាធារណៈផ្សេងៗទៀតបង្ហាញថា Lisa សមាជិកកូនពៅក្នុង BLACKPINK មានទ្រព្យសម្បត្តិសរុប ២៥ លានដុល្លារ ដោយប្រភពចំណូលចម្បងរបស់នាងបានមកពីអាជីពដ៏រីកចម្រើន ទាំងក្នុងនាមជាសមាជិក BLACKPINK និងសិល្បករទោលផងដែរ។

 


ក្នុងឆ្នាំនេះ Lisa បានចេញបទចម្រៀងទោលល្បីៗច្រើនបទដូចជា Rockstar, Moonlit Floor (Kiss Me) និងបទ New Woman ខណៈមានភាពលេចធ្លោកាន់តែខ្លាំងក្នុងវិស័យហ្វេសិនពិភពលោកដោយបានក្លាយជាអ្នកផ្សព្វផ្សាយឱ្យប្រេនធំៗដូចជា LV និង BVLGARI (ប៊ុលហ្ការី) ជាដើម។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ តារារ៉េបស្រីវ័យ ២៧ឆ្នាំរូបនេះនឹងបង្ហាញមុខដំបូងក្នុងនាមជាតារាសម្ដែងក្នុងភាពយន្តភាគអាមេរិក “The White Lotus Season 3” របស់ HBO។

 


បន្ទាប់ពី Lisa សមាជិក BLACKPINK បីរូបទៀតរួមមាន Rosé, Jennie និង Jisoo សុទ្ធតែមានទ្រព្យសម្បត្តិប្រមាណ ២០ លានដុល្លារក្នុងម្នាក់ៗ។ នៅឆ្នាំនេះ Rosé ទទួលបានភាពជោគជ័យខ្លាំងសម្រាប់អាល់ប៊ុមចម្រៀងទោល ជាពិសេសបទ APT. ដែលនាងបានសហការជាមួយតារាអាមេរិក Bruno Mars ខណៈ Jennie ក៏មានបទចម្រៀងទោលមួយបទដែរគឺបទ Mantra។

 

 

ចំណែកឯ បងស្រីធំ Jisoo បើទោះជាមិនបានចេញបទចម្រៀង ប៉ុន្តែនាងបានផ្ដោតខ្លាំងលើការងារសម្ដែងនិងត្រៀមបញ្ចេញស្នាដៃច្រើនរឿងក្នុងឆ្នាំ២០២៥ខាងមុខនេះ ដូចជារឿងភាគ Zombie មានចំណងជើងថា “Newtopia” និងភាពយន្តខ្នាតធំ “Omniscient Reader’s Viewpoint” ដែលនាងបានសម្ដែងរួមជាមួយតារាប្រុស Lee Min Ho និង Ahn Hyo Seop (អាន យ៉ូ សប)។បូកសរុបចូលគ្នា ទ្រព្យសម្បត្តិសុទ្ធរួមរបស់ BLACKPINK គិតត្រឹមចុងឆ្នាំ ២០២៤ មានចំនួន ៨៥ លានដុល្លារ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025