ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ទិន្នន័យការលក់អាល់ប៊ុមចម្រៀងខេប៉ុបបានធ្លាក់ចុះ ១៩% ខណៈមានបញ្ហាចម្រូងចម្រាសជាច្រើនកើតឡើងក្នុងវិស័យនេះក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ខណៈដែលចម្រៀងខេប៉ុបឆ្នាំនេះជាច្រើនបានល្បីផ្ទុះពេញពិភពលោកដូចជាបទ "Supernova" របស់ក្រុម Aespa និង "APT" របស់ Rosé ប៉ុន្តែការលក់អាល់ប៊ុមខេប៉ុបក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះបែរជាមានការធ្លាក់ចុះខ្លាំងបំផុតសម្រាប់រយៈពេល៩ឆ្នាំចុងក្រោយ។
ទិន្នន័យពីសមាគមមាតិកាតន្ត្រីកូរ៉េចេញផ្សាយថ្ងៃ៣១ ខែធ្នូកន្លងទៅបានបង្ហាញថា ការលក់អាល់ប៊ុមក្នុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ មានចំនួន ៩៣,១៤ លានបន្ទះ ពោលគឺធ្លាក់ចុះ ១៩ ភាគរយបើធៀបទៅនឹងកំណត់ត្រាឆ្នាំ២០២៣ ដែលមានរហូតដល់ ១១៦ លានបន្ទះ។ ក្នុងមួយឆ្នាំចុងក្រោយ មានអាល់ប៊ុម ២០ ប៉ុណ្ណោះដែលអាចលក់ដាច់ដល់ខ្ទង់លានបន្ទះ ខណៈកាលពីឆ្នាំ២០២៣ មានដល់ ៣៣ អាល់ប៊ុម ស្របពេលការលក់អាល់ប៊ុមសម្រាប់ក្រុម Seventeen និង Stray Kids ធ្លាប់សុទ្ធតែធ្លាប់ឈានដល់ ៥ លានបន្ទះកាលពីឆ្នាំ២០២៣ នៅឆ្នាំនេះថយចុះត្រឹម ២ និង ៣ លានបន្ទះ។
អគ្គលេខាធិការសមាគមមាតិកាតន្ត្រីកូរ៉េ លោក Choi Kwang-ho បាននិយាយថា លោកបានរំពឹងទុកខ្លះដែរថាតួលេខឆ្នាំ២០២៤អាចមានការថយចុះ ព្រោះឆ្នាំ២០២៣ គឺជាឆ្នាំដែលខេប៉ុបហក់ឡើងខ្លាំងដល់កំពូល ប៉ុន្តែការធ្លាក់ចុះរហូតដល់ជិត ២០ ភាគរយគឺចាត់ទុកថាជាវិបត្តិធ្ងន់ធ្ងរណាស់សម្រាប់ឧស្សាហកម្មនេះ។
ហេតុផលមួយផ្នែកនៃការថយចុះចំនួនលក់អាល់ប៊ុម K-pop អាចបណ្តាលមកពីព័ត៌មានអវិជ្ជមានជាច្រើននៅក្នុងឧស្សាហកម្មនេះក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ តួយ៉ាងជម្លោះរវាងក្រុមហ៊ុន HYBE និងក្រុមចម្រៀង NewJeans បានអូសបន្លាយរយៈពេលជាយូរ និងនាំឱ្យមានការបញ្ចេញព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់ធ្វើឱ្យប៉ះពាល់ដល់មុខមាត់និងជំនឿទុកចិត្តលើវិស័យនេះទាំងមូល។
ទោះជាយ៉ាងណា ឧស្សាហកម្ម K-pop នៅតែត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅឆ្នាំក្រោយ ខណៈក្រុម BTS អាចនឹងចេញបទចម្រៀងនៅឆមាសទីពីរនៃ ឆ្នាំ ២០២៥នេះ បន្ទាប់ពីសមាជិកគ្រប់គ្នាបញ្ចប់កាតព្វកិច្ចយោធា ហើយក្រុម Blackpink និង G-Dragon ក៏នឹងចេញបទចម្រៀងថ្មីនៅឆ្នាំក្រោយដែរ។ លើសពីនេះ ក្រុម K-pop ល្បីៗជំនាន់ទី៤ដូចជា aespa, IVE (អាយហ្វ៍), Riize (រ៉ាយស៍) និង ZeroBaseOne ក៏ត្រូវបានរំពឹងថានឹងត្រលប់មកវិញជាមួយបទចម្រៀងថ្មីនៅឆ្នាំ ២០២៥ ដូចគ្នា ៕
ប្រែសម្រួល៖ វ៉ាន់ថន