ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥
ភាពយន្តល្ខោនតន្ត្រី “Wicked” របស់តារាចម្រៀង Ariana Grande បានចេញបញ្ចាំងអនឡាញចាប់ពីថ្ងៃទី១ ខែមករានេះ បន្ទាប់ពីអាចរកចំណូលពីការបញ្ចាំងតាមរោងភាពយន្តបាន ៦៣៤ លានដុល្លារ។
ក្រុមហ៊ុន Universal Pictures ដែលជាអ្នកទទួលសិទ្ធិចែកចាយភាពយន្ត “Wicked” (វីកឃីត) បានឱ្យដឹងថា ភាពយន្តនេះនឹងចេញបញ្ចាំងអនឡាញតាមរយៈ Prime Video និង Apple TV ដោយរួមបញ្ចូលនូវឈុតឆាកមួយចំនួនដែលទស្សនិកជនមិនធ្លាប់បានទស្សនានៅពេលបញ្ចាំងតាមរោងភាពយន្ត។
មិនតែប៉ុណ្ណោះ លោក Jon M. Chu ដែលជាអ្នកដឹកនាំរឿងនេះផ្ទាល់បានឱ្យដឹងថា ទស្សនិកជនដែលបង់ប្រាក់ចូលទស្សនាភាពយន្តនេះតាមអនឡាញ ក៏នឹងបានទស្សនាវីដេអូឯកសារពិសេសៗផ្សេងទៀតប្រមាណ ៤០នាទីអំពីឈុតក្រៅឆាក និងដំណើរការផលិតភាពយន្តនេះរហូតលេចចេញជារូបរាងឡើង។
ក្រៅពីតួឯកស្រីទាំងពីរគឺ Ariana Grande (អារីអាណា ហ្ក្រេនដេ) និងតារាសម្ដែងស្រីអង់គ្លេស Cynthia Erivo (ស៊ីនធីអ្ហា រីវ៉ូ) ភាពយន្ត "Wicked" មានការចូលរួមសម្ដែងដោយតារាល្បីៗផ្សេងទៀតដូចជាJeff Goldblum (ជេហ្វ ហ្គោលប្ល៊ុម), Michelle Yeoh (មីឈែល យ៉ូ), Ethan Slater (អ៊ីធេន ស្លេតធឺ) និង Jonathan Bailey (ចូណាថាន ប៊េលី)។
ភាពយន្តនេះត្រូវបានផលិតឡើងដោយផ្អែកសាច់រឿងតាមសៀវភៅប្រលោមលោក និងល្ខោនតន្ត្រី Broadway ដ៏ល្បីមានចំណងជើងដូចគ្នា ជាស្នាដៃរបស់អ្នកនិពន្ធ Gregory Maguire (ក្រេហ្គឺរី ម៉េហ្កាយអឺ) ដោយមានសាច់រឿងរៀបរាប់ពីដំណើរផ្សងព្រេង និងចំណងមិត្តភាពក្នុងពិភពវេទមន្តរវាងមេមត់ស្បែកបៃតងឈ្មោះ Elphaba (អ៊េលហ្វាបា) និងមេមត់រូបស្រស់ឈ្មោះ Glinda (គ្លីនដា)។
បន្ទាប់ពីចេញបញ្ចាំងតាមរោងភាពយន្តទូទាំងពិភពលោកកាលពីចុងខែវិច្ឆិកា ភាពយន្តនេះអាចរកចំណូលពីការលក់សំបុត្របាន ៦៣៤ លានដុល្លារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ និងបានក្លាយជាភាពយន្តថតតាមល្ខោនតន្ត្រីដែលអាចរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ ភាពយន្ត "Wicked” ក៏គ្រោងចេញវគ្គទី២ផងដែរ នៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន