ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥

អ្នកជំនាញទេសចរណ៍៖ ឆ្នាំ ២០២៥ ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍លំដាប់ទី១ សម្រាប់ជនជាតិអូស្រ្តាលី 

០៤ មករា ២០២៥ | សេដ្ឋកិច្ច

 

អ្នកជំនាញទេសចរណ៍ បានលើកឡើងថា យោងតាមការព្យាករណ៍របស់ Skyscanner របស់អូស្ត្រាលី ផ្ដោតលើគោលដៅទិន្នាការពេញនិយមសម្រាប់ឆ្នាំ២០២៥ បានបង្ហាញថា សៀមរាបក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ពលរដ្ឋអូស្ត្រាលីក្នុង ឆ្នាំ២០២៥ នឹងមានកំណើនកើនឡើងដោយសារអត្រានៃជើងហោះហើរ។ គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

 

ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ រួមមាន រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ ខណៈរយៈពេល ១២ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជិត ៥០លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរ កើនឡើងជាង ២៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ 

 


លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ឲ្យបានដឹងថាបច្ចុប្បន្នកំណើនភ្ញៀវទេសចរណ៍មកកាន់ខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញហើយ ដោយពេញមួយ ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរណ៍សម្រុកមកលេងជាមធ្យមមានជាង ៥ពាន់នាក់ក្នុង១ថ្ងៃ បើធៀបនឹងឆ្នាំ២០២៣។ អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានបន្ថែមថា ចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងនេះ ខាងសមាគមទេសចរណ៍កម្ពុជា បានកត់សម្គាល់ឃើញថា តាមរយៈការបើកជើងហោះហើរជាច្រើន ដែលបានហោះហើរចូលមកកាន់តំបន់សៀមរាប ជាពិសេសអាកាសចរណ៍ដែលមានស្រាប់ ក៏ឃើញមានការបង្កើនជើងហោះហើរបន្ថែម ដោយក្នុងនោះ ចំនួនហោះហើរមានការកើនឡើងចន្លោះ ៤៥ទៅ៥០ដង នៃការហោះហើរក្នុងមួយថ្ងៃ ហើយភ្ញៀវទេសចរណ៍វិញ ក៏មានការកើនឡើងចន្លោះ ២ពាន់ ទៅ៦ពាន់នាក់ក្នុង១ថ្ងៃ ផងដែរ។

 


អ្នកជំនាញទេសចរណ៍រូបនេះ បានលើកឡើងបន្តថា វិស័យអាកាសចរណ៍ ជាវិស័យស្នូល និងផ្តល់អាទិភាពចម្បង បន្ទាប់ពីការធ្វើដំណើរតាមផ្លូវគោក និងទឹក។ បន្ថែមពីលើនេះ អ្នកជំនាញទេសចរណ៍ បានគូសបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់ការសែត SBS News ដែលយោងពីការស្ទង់មតិនៃរបាយការណ៍ទេសចរណ៍ឆ្នាំ ២០២៥ ដោយគេហទំព័រទេសចរណ៍របស់ Skyscanner ដែលផ្ដោតលើគោលដៅទិន្នាការពេញនិយមសម្រាប់ឆ្នាំ២០២៥ គឺតំបន់សៀមរាបអង្គជាគោលដៅទី១ របស់ភ្ញៀវទេសចរណ៍អូស្រ្តាលី ដែលមកទស្សនាច្រើនជាងគេ នៅក្នុងឆ្នាំ ២០២៥ នេះសបញ្ជាក់ឲ្យឃើញថា តំបន់ទេសចរណ៍កម្ពុជា មានការទាក់ទាញបានច្រើនជាងមុន ដោយសារកក្តាសុខសុវត្ថិភាព មានភាពទាក់ទាញនៅក្នុងតំបន់ និងប្រជាជនមានស្នាមញញឹម ការទទួលស្វាគមន៍បដិសណ្ឋារកិច្ចល្អសម្រាប់ភ្ញៀវទេសចរណ៍។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ ប្រជាជនអូស្រ្តាលី មកទស្សនាប្រទេសកម្ពុជា មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះ មានទេសចរណ៍អូស្រ្តាលីប្រមាណជាង ៧ម៉ឺននាក់ បានមកលេងកម្ពុជា ឈរនៅលំដាប់ទី ៧ ជាភ្ញៀវទេសចរបរទេសមកទស្សនាខេត្តសៀមរាប និងប្រាសាទអង្គរច្រើនជាងគេ។

 


ទន្ទឹមនឹងនេះ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបាន ឱ្យដឹងថា ភ្ញៀវទេសចរមកពីបណ្តារាជធានីខេត្ត បានចូលមកដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៣០ និង ថថ្ងៃទី៣១ ឆ្នាំ២០២៤  ឆ្លងឆ្នាំថ្មីឆ្នាំសកល ឆ្នាំ ២០២៥ មានចំនួនប្រមាណ ៣៣ម៉ឺន៣ពាន់នាក់ មានការកើនឡើងប្រមាណ ៩,៧៣% បើប្រៀបធៀបនឹងឆ្នាំ ២០២៣។ 

 


គួររំលឹកបន្តិចថា ឧទ្យានបុរាណវិទ្យាអង្គររបស់កម្ពុជា បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO។ លើសពីនេះ ប្រាសាទបុរាណល្បីៗ មានប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន ដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី អូស្រ្តាលី ទ្វីបអឺរ៉ុប និងអាមេរិក។ ក្រៅពីប្រាង្គប្រាសាទ ខេត្តសៀមរាប មានសក្តានុពលទេសចរណ៍ជាច្រើនទៀត ទាំងវប្បធម៌ អរិយធម៌ ប្រពៃណី បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ជាច្រើនទៀត។ 

 

គួរជម្រាបថា ការរួមចំណែកក្នុងការជម្រុញ ការផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការបម្រើលើគ្រប់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យទេសចរណ៍ ការពង្រីកវិសាលភាពនៃទីកន្លែងកម្សាន្ត ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកពីរាជធានីខេត្ត ចូលមកកម្សាន្តសប្បាយរីករាយក្នុងក្រុងសៀមរាប ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប បាននិងកំពុងអភិវឌ្ឍជាលំដាប់ ដើម្បីសម្រួលដល់លំហូរនៃអ្នកធ្វើដំណើរ៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025