ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដាគ្រោងនឹងប្រកាសចុះចេញពីតំណែងនៅក្នុងសប្ដាហ៍នេះ

ប្រភពចំនួនបីបានប្រាប់សារព័ត៌មានឌឹគ្លោបអេនម៉ែល (The Globe and Mail) ថា នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូឌូ (Justin Trudeau) ត្រូវបានគេរំពឹងថានឹងប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសេរីនិយម (Liberal) នៅក្នុងសប្ដាហ៍នេះ។

 

 

ប្រភពទាំងនេះបានប្រាប់សារព័ត៌មាន The Globe and Mail ថា ពួកគេមិនទាន់ដឹងច្បាស់ថា តើលោក ទ្រូឌូ នឹងប្រកាសអំពីផែនការចុះចេញពីតំណែងរបស់លោកនេះនៅពេលណានោះទេ ប៉ុន្តែពួកគេបានរំពឹងថា វាអាចនឹងកើតឡើងនៅមុនពេលកិច្ចប្រជុំគណៈកម្មាធិការជាតិដ៏សំខាន់មួយនៅថ្ងៃពុធសប្ដាហ៍នេះ។ ហើយប្រភពទាំងនេះក៏នៅតែមិនទាន់ដឹងច្បាស់ថា តើលោក ទ្រូឌូ នឹងចុះចេញពីតំណែងភ្លាមៗតែម្ដង ឬក៏បន្តធ្វើជានាយករដ្ឋមន្ត្រីរហូតទាល់តែគេរើសបានមេដឹកនាំថ្មីមកជំនួសរូបលោកយ៉ាងណានោះទេ។ លោក ទ្រូឌូ បានចូលកាន់តំណែងជាមេដឹកនាំគណបក្សសេរីនិយមនៅក្នុងឆ្នាំ២០១៣ ជាពេលដែលគណបក្សនេះមានបញ្ហាយ៉ាងខ្លាំង និងបានធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមលេខ៣នៅក្នុងសភាជាលើកដំបូងទៀតផង។

 

 

ការចុះចេញរបស់លោក ទ្រូឌូ នេះនឹងធ្វើឱ្យគណបក្សរបស់លោកគ្មានក្បាលម៉ាស៊ីនដឹកនាំជាអចិន្ត្រៃយ៍នោះទេ ខណៈដែលការស្ទង់មតិបង្ហាញថា គណបក្សសេរីនិយមនឹងចាញ់គណបក្សអភិរក្សនិយមយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតមួយដែលនឹងត្រូវធ្វើនៅចុងខែតុលា ឆ្នាំ២០២៥។ គម្រោងការលាលែងពីតំណែងរបស់លោក ទ្រូឌូ នេះក៏ទំនងជានឹងជំរុញឱ្យមានការអំពាវនាវបោះឆ្នោតឆាប់ៗមុនកាលកំណត់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលអាចដោះស្រាយបញ្ហាប្រឈមជាមួយនឹងរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ សម្រាប់រយៈពេល៤ឆ្នាំខាងមុខនេះផងដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025